លោកអភិបាលស្រុកប្រាសាទបល្ល័ង្កដាក់បទបញ្ជាដល់កងកម្លាំងនិងអាជ្ញាមូលដ្ឋានត្រូវពង្រឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អជូនប្រជាពលរដ្ឋ
(កំពង់ធំ)៖លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដោយមានការចូលរួមពីអាជ្ញាធរ
ឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក ។
លោកបញ្ជាក់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងអនឡាញ, ពង្រឹងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ការទប់ស្កាត់ក្មេងទំនើង៖ បង្កើនការល្បាត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមុខសញ្ញាក្មេងទំនើងដែលបង្កការអសន្តិសុខដល់សង្គម។ ការបង្ក្រាបគ្រឿងញៀន៖ បន្តជំរុញការអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបការជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀនឲ្យមានប្រសិទ្ធភាព។ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៖ បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។
លោក បានណែនាំយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់កសិករ ដោយបានជំរុញឱ្យអាជ្ញាធរឃុំទាំងអស់ត្រូវចុះតាមដាន និងពិនិត្យមើលស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ការធ្វើបែបនេះគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ជាពិសេសបញ្ហាខ្វះខាតទឹក ឬការបំផ្លាញពីសមាសភាពសត្រូវរុក្ខជាតិ ដើម្បីអាចរកដំណោះស្រាយអន្តរាគមន៍រាល់បញ្ហាប្រឈម និងទុក្ខកង្វល់ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្កផលប៉ះពាល់ដល់ទិន្នផលដំណាំកសិកម្មរបស់ប្រជាកសិករដែលពួកគាត់កំពុងដាំដុះនារដូវវស្សា។
លោកបន្តថាមន្ត្រីទាំងអស់ត្រូវធ្វើជាគំរូល្អនិងសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មជូនប្រជាពលរដ្ឋ។














![]()
