ពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះសារព័ត៌មានឌីជីថល និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល” សម្រាប់មន្ត្រីព័ត៌មាន និងអ្នកកាសែតកម្ពុជាចំនួន២៧រូប ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាក្រុងហូជីមិញ ប្រទេសវៀតណាម។
នៅក្នុងពិធីបិទវគ្គនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លីវ ឌិញភុក (Luu Dinh Phuc) អគ្គនាយកនៃអាជ្ញាធរសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មានកម្ពុជា ព្រមទាំងមានការចូលរួមពីលោកគ្រូឧទ្ទេស និងសិក្ខាកាម២៧នាក់ផងដែរ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោក សាន សុភាបានសម្តែងនូវក្តីរំភើប និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាម ដែលបានរៀបចំវគ្គសិក្សានេះឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ទោះបីវគ្គសិក្សាមានរយៈពេលខ្លី ប៉ុន្តែលទ្ធផលទទួលបានគឺមានតម្លៃមហាសាល។ សិក្ខាកាមកម្ពុជាបានខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជាការសរសេរព័ត៌មានខ្លីៗ ការថតរូប ការផលិត និងកាត់តវីដេអូព័ត៌មានខ្លី (Short News Video) ដោយប្រើទូរស័ព្ទដៃស្មាតហ្វូន។
ពិសេសជាងនេះទៅទៀត ការបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ផ្ទាល់នៅអង្គភាពសារព័ត៌មាន និងមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Tuoi Tre (កាសែតអេឡិចត្រូនិក Tuoi Tre) បានជួយឱ្យសិក្ខាកាមយល់ច្បាស់ពីខ្សែសង្វាក់ផលិតកម្មឌីជីថល និងរបៀបចាត់ចែងការងារព័ត៌មានប្រកបដោយភាពរហ័សរហួន។ លោកប្រធាននាយកដ្ឋាន បានជំរុញឱ្យសិក្ខាកាមយកចំណេះដឹងទាំងនេះ ទៅអនុវត្តជាក់ស្តែង ដើម្បីក្លាយជាកម្លាំងចលករក្នុងការធ្វើបរិវត្តកម្មឌីជីថល ផលិតមាតិកាព័ត៌មានឱ្យកាន់តែសម្បូរបែប ងាយយល់ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅមូលដ្ឋានរបស់ខ្លួន។
ចំណែកឯកឧត្តម លីវ ឌិញភុក បានមានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជានិន្នាការចៀសមិនរួច ដែលតម្រូវឱ្យអ្នកសារព័ត៌មានត្រូវតែធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ។ ឯកឧត្តមសង្ឃឹមថា ក្រោយវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានជំនាញចាំបាច់ក្នុងការផលិតអត្ថបទ និងផលិតផលសារព័ត៌មានលើវេទិកាឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងឆ្លើយតបទៅនឹងតម្រូវការទស្សនិកជន។
ឯកឧត្តម ក៏បានកោតសរសើរចំពោះស្មារតីសិក្សាយ៉ាងសកម្មរបស់សិក្ខាកាមកម្ពុជា និងបានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេស និងអ្នកបកប្រែ ដែលបានសម្របសម្រួលវគ្គសិក្សានេះឱ្យដំណើរការទៅយ៉ាងរលូន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ តែវាក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការអនុវត្ត «ផែនការសហប្រតិបត្តិការលើវិស័យព័ត៌មាន ឆ្នាំ២០២៦-២០៣០» និងការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត។ អត្ថបទលោក ធូ កែវមុន្នី

















![]()
