ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង បន្តកិច្ចការយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋក្នុងឃុំដូចភ្លៀងរលឹម៖
(កំពង់ធំ) ៖ កាលពីពេលថ្មីៗនេះ លោកវ៉ាន់ វឌ្ឍន: តំណាង ឯកឧត្តមចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការីនិងគ្រឿងចក្រ ក្នុងការជីកវែកប្រឡាយសម្រាប់បង្ហូរនាំទឹកពីប្រឡាយបេតុងទៅស្រោចស្រពសង្គ្រោះស្រែស្រូវប្រជាពលរដ្ឋក្នុងឃុំដែលកំពុងប្រឈមនឹងការខ្វះខាតទឹកជាមួយនឹងបាតុភូត ររាំងស្ងួត កណ្តាលរដូវវស្សា ឱ្យបានស្រស់បំព្រងឡើងវិញតាមសំណូមពរនិងស្ថានភាពជាក់ដៃបំផុតរបស់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ។
ជាមួយគ្នាក្រុមការងារបន្តសកម្មភាពមនុស្សធម៌ជាមួយពលរដ្ឋក្នុងមូលដ្ឋានដោយចុះជួបសំណេះសំណាលតាមខ្នងផ្ទះ ជាពិសេសគ្រួសារក្រីក្រ ជនពិការ ជរាជរាពា និងស្ត្រីមេម៉ាយ ដើម្បីស្វែងយល់ពីចំណុចលំបាកពិតប្រាកដ សម្រួលជីវភាព និងស្បៀងអាហារបម្រុង ជូនដល់គ្រួសារដែលជួបការលំបាកខ្លាំង ឬរងគ្រោះដោយគ្រោះធម្មជាតិ ។
ទន្ទឹមនឹងនេះការកសាងថែទាំជួសជុលផ្លូវថ្មីៗ និងប្រព័ន្ធប្រឡាយទឹក និងអណ្តូងទឹក ដើម្បីបម្រើឱ្យការធ្វើដំណើរ និងការបង្កបង្កើនផលកសិកម្ម ផ្តល់បច្ចេកទេស និងពូជដំណាំ សត្វ ពង្រឹងការងារបង្កបង្កើនផល ដើម្បីបង្កើនចំណូលគ្រួសារថែមទៀត ។
លើសពីនេះការផ្តល់សេវាសាធារណៈ និងសម្របសម្រួល ព្រមទាំងជួយឧបត្ថម្ភដល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពប្រកបដោយគុណភាពប្រសិទ្ធភាពឬមូលនិធិសមធម៌ជាដើម។
លើសពីនេះទៀត ការដោះស្រាយបញ្ហាប្រឈមនានា ទទួលស្ដាប់កង្វល់ សំណូមពរ និងជួយសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗនៅមូលដ្ឋានដោយសន្តិវិធី និងទាន់ពេលវេលា បន្តសកម្មភាពចុះមូលដ្ឋានឱ្យបានដូចភ្លៀងរលឹមនេះ មិនត្រឹមតែជួយសម្រួលជីវភាពរស់នៅចំពោះមុខរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវ «ទំនុកចិត្ត និងភាពស្និទ្ធស្នាល» យ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅឃុំចំណាលើ ស្រុកស្ទោង ផងដែរ។
ប្រជាពលរដ្ឋក្នុងឃុំចំណាលើសម្ដែងការសាទរនិងថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមចាន់ ស៊ីណាត និងសហការីដែលបានតែងតែគិតគូរយកចិត្តទុកដាក់និងឆ្លើយតបរាល់សំណូមពរនិងតម្រូវការជាក់ស្ដែងជូនពួកគាត់បានទាន់ពេលវេលា។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។










![]()
