ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ « រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ឹមសារឿន សមាជិក ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦-មិថុនា ក្រោមប្រធានបទ « រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំង មន្ទីរ-អង្គភាព មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខភាព យុត្តិធម៌ និងសិទ្ធិរបស់អ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀន ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទទួលយកការព្យាបាលដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ តាមរយៈមណ្ឌលព្យាបាលរបស់រដ្ឋ និងគ្រឹះស្ថានសុខាភិបាល ដើម្បីស្តារសុខភាព និងធ្វើសមាហរណកម្មចូលសហគមន៍ឡើងវិញ។
ឯកឧត្តម អ៊ុន បុត្ត បានមានប្រសាសន៍ថា ខេត្តកំពង់ធំ នៅតែរក្សាបាននូវស្ថានភាពជាខេត្តដែលមិនមានការផលិតគ្រឿងញៀន និងការដាំដុះរុក្ខជាតិញៀន។ ទោះជាយ៉ាងណា នៅតែមានសកម្មភាពលបលួចនាំចូលគ្រឿងញៀនពីបណ្តាខេត្តជាប់ព្រំប្រទល់ និងមានការប្រើប្រាស់ ព្រមទាំងការជួញដូរគ្រឿងញៀននៅតាមស្រុក-ក្រុងមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរាលដាលទៅកាន់តំបន់ជនបទ។
ឯកឧត្តមបានបន្តទៀតថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាភារកិច្ចផ្តាច់មុខរបស់ស្ថាប័ន ឬអង្គភាពណាមួយនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ការចូលរួមផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន គឺជាកត្តាសំខាន់ក្នុងការបង្ការ និងទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានមានប្រសាសន៍ផ្តោតលើការពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយជំរុញឱ្យគ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់កម្មវិធី App NoDrug ឱ្យបានទូលំទូលាយ។ កម្មវិធីនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការផ្តល់ព័ត៌មាន ការរាយការណ៍ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តយុទ្ធនាការ «ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន» ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ សហគមន៍ ប្រជាពលរដ្ឋ និងយុវជន ព្រមទាំងកៀរគរការចូលរួមពីគ្រប់វិស័យ រួមមាន វិស័យអប់រំ សាសនា វប្បធម៌ កីឡា សិល្បៈ ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការជាតិ អន្តរជាតិ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព៕ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។











![]()
