វៀតណាមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល» សម្រាប់មន្ត្រីសារព័ត៌មានកម្ពុជា
(ទីក្រុងហូជីមិញ)៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល»ដឹកនាំដោយ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តការអន្តរជាតិនៃក្រសួងព័ត៌មានកម្ពុជា កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ នាយកដ្ឋានសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន២៧នាក់មកពីព្រះរាជាណាចក្រកម្ពុជា ដែលជាមន្ត្រី និងអ្នកបម្រើការងារក្នុងវិស័យសារព័ត៌មាន។ កម្មវិធីផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការផលិតមាតិកាសារព័ត៌មាន ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ និងការសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើប។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរ។
តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលបួនថ្ងៃនេះ សិក្ខាកាមនឹងទទួលបានទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែងពីអ្នកជំនាញ ដើម្បីអាចយកទៅអភិវឌ្ឍការងារសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការនៃយុគសម័យព័ត៌មាន។ អត្ថបទនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ នៃក្រសួងព័ត៌មានកម្ពុជា។





![]()
