ប្រជាពលរដ្ឋជាង៣ពាន់នាក់ថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ មកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ត្រូវជាថ្ងៃទី២នៃការព្យាបាល ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រខេត្តកំពង់ធំនិងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) អមដំណើរដោយអ្នកតំណាងរាស្ត្រខេត្តកំពង់ធំ ដូចជា ឯកឧត្តម ថា យ៉ាវ លោកជំទាវ យស ថានារី ឯកឧត្តម ឃឹង នុភាព ព្រមទាំងតំណាងឯកឧត្តមអភិបាលខេត្តកំពង់ធំដឹកនាំ ឯកឧត្តម អ៊ុង វុទ្ធី និងលោកជំទាវ លំគន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាល បានបង្ហាញនូវភាពសប្បាយរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មមនុស្សធម៌ជាបន្តបន្ទាប់។
តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាវេជ្ជសាស្ត្រជាច្រើនផ្នែក រួមមាន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ការថតឆ្លុះក្រពះ និងពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ ការចាក់ម្ជុលវិទ្យាសាស្ត្រ ការពិនិត្យឈាមដោយប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រទំនើប ព្រមទាំងផ្តល់ឱសថដោយឥតគិតថ្លៃ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។
បន្ថែមពីលើបេសកកម្មផ្នែកវេជ្ជសាស្ត្រ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានប្រគល់ម៉ាស៊ីនត្រជាក់ចំនួន ៣គ្រឿង ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីគាំទ្រការលើកកម្ពស់បរិយាកាស និងគុណភាពនៃការផ្តល់សេវាសុខាភិបាល។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានផ្តល់អំណោយមនុស្សធម៌ជាច្រើន រួមមាន សម្ភារសិក្សា សម្លៀកបំពាក់កុមារ ប្រដាប់ក្មេងលេង ឈុតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ព្រមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំទ្រការផ្តល់សេវាសុខាភិបាលក្នុងមូលដ្ឋាន។
ក្នុងរយៈពេល២ថ្ងៃនៃការពិនិត្យព្យាបាល មានប្រជាពលរដ្ឋសរុបប្រមាណជាង ៣,២០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងនោះថ្ងៃទី១ មានចំនួន ១,៥០០នាក់ និងថ្ងៃទី២ មានចំនួន ១,៧០០នាក់។






























![]()
