ប្រជាពលរដ្ឋប្រមាណ១៤៥០នាក់ បានមកទទួលសេវាពិនិត្យព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃខេត្តឃ្យុងសាប៊ុកដូ
(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ កម្មវិធីនេះរៀបចំឡើងក្រោម «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» តាមរយៈកិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាងប៊ុកដូ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយមានការសម្របសម្រួលពី ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។
កម្មវិធីនេះអនុវត្តដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន។ ក្នុងអំឡុងពេលបេសកកម្ម ក្រុមគ្រូពេទ្យបានផ្តល់សេវាវេជ្ជសាស្ត្រជាច្រើនប្រភេទ ដូចជា ការពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ ការថតឆ្លុះក្រពះ និងពោះវៀន ការចាក់ម្ជុលវិទ្យាសាស្ត្រ ការពិនិត្យឈាមដោយប្រើប្រាស់បរិក្ខារទំនើប និងការចែកឱសថដោយឥតគិតថ្លៃ និងបានបរិច្ចាគម៉ាស៊ីនត្រជាក់ចំនួន៣ គ្រឿង និងសម្ភារៈបរិក្ខារប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រមួយចំនួន ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់បរិយាកាស និងគុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនអ្នកជំងឺ។
នៅថ្ងៃបើកកម្មវិធី មានប្រជាពលរដ្ឋប្រមាណ ១,៤៥០នាក់ មកពីទូទាំងខេត្តកំពង់ធំ និងខេត្តជិតខាង បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាព និងការពង្រឹងសេវាសុខាភិបាលសម្រាប់សហគមន៍។





































![]()
