ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ អញ្ជើញពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ
(កំពង់ធំ)៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងក្រោមការសម្របសម្រួលដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃខេត្តឃ្យុងសាងប៊ុកដូ បានមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោម «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន»។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃខេត្តឃ្យុងសាងប៊ុកដូ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ទៅតាមសេវាវេជ្ជសាស្ត្រដូចជាជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាមប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រទំនើប និងផ្ដល់ឱសថឥតគិតថ្លៃ ដើម្បីធានាបាននូវសេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ក្នុងឱកាសថ្ងៃទីមួយត្រូវនឹងថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២៦នេះឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទីតាមបណ្ដាស្រុកក្នុងខេត្តបានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។
















![]()
