អភិបាលស្រុកស្ទោង អំពាវនាវឱ្យមានការបែងចែកទឹកពីអាង «៣០ កញ្ញា» ឱ្យចំគោលដៅ ខណៈកង្វះទឹកភ្លៀងកំពុងគំរាមកំហែងដល់ស្រែស្រូវពលរដ្ឋព្រោះភ្លៀងមិនគ្រប់គ្រាន់
(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកអភិបាលស្រុកស្ទោង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកង្វះទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងកសិករ ឱ្យរួមគ្នាគ្រប់គ្រង និងបែងចែកទឹកពីអាងស្តុកទឹក «៣០ កញ្ញា» ឱ្យបានត្រឹមត្រូវ និងចំគោលដៅ។
លោកបានឱ្យដឹងថា របបទឹកភ្លៀងនាពេលបច្ចុប្បន្នមានការធ្លាក់ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការនោះឡើយ ដែលកត្តានេះបាននិងកំពុងបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប្រសិនបើគ្មានការអន្តរាគមន៍ ឬការគ្រប់គ្រងទឹកឱ្យបានទាន់ពេលវេលានោះទេ ផលដំណាំស្រូវរបស់ពលរដ្ឋអាចនឹងប្រឈមការខូចខាតកាន់តែខ្លាំង។
ជាមួយគ្នានេះ លោកបានអំពាវនាវយ៉ាងទទូចឱ្យមានការគ្រប់គ្រងការសហការគ្នាយ៉ាងជិតស្និទ្ធនិងបែងចែកការបង្ហូរទឹកចេញពី «អាងស្តុកទឹក ៣០ កញ្ញា» ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាសមធម៌នៃការប្រើប្រាស់ ការបែងចែកទឹកត្រូវតែធ្វើឡើងដោយតម្លាភាព និងចំគោលដៅ ធ្វើយ៉ាងណាឱ្យទឹកហូរទៅដល់ស្រែស្រូវដែលកំពុងត្រូវការចាំបាច់បំផុត ដោយចៀសវាងការខ្ជះខ្ជាយទឹក ឬការដណ្តើមទឹកគ្នា។
លើសពីនេះលោកអភិបាលស្រុកក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់រួមមាន៖ ត្រូវចូលរួមថែរក្សានិងការពារប្រភពទឹក និងប្រឡាយទឹកក្នុងសហគមន៍របស់ខ្លួន ត្រូវត្រួតពិនិត្យ និងទប់ស្កាត់រាល់ការលេចធ្លាយ ឬការបង្ហូរទឹកចូលស្រែដែលនាំឱ្យខូចទឹក ឬហូរចោលដោយឥតប្រយោជន៍ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងគ្រាជួបការលំបាកនេះ។
ជាចុងបញ្ចប់ អាជ្ញាធរស្រុកស្ទោង បានបញ្ជាក់ថា បន្តតាមដានស្ថានភាពកសិកម្ម និងការផ្គត់ផ្គង់ទឹកនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាជួយសង្គ្រោះស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង










![]()
