ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន៣៦០.០០០ក្បាល ស្ថិតនៅអាងទឹក១មករា នៅក្នុងទិវាមច្ឆជាតិ និងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ថ្នាក់ខេត្ត
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីនៅក្នុងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ចំនួន ៣៦០.០០០ក្បាល ដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៦ ថ្នាក់ខេត្ត ដែលកម្មវិធីនេះ ត្រូវបានសហការរៀបចំដោយខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ថិតនៅអាងទឹក១មករា ភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឯកឧត្តមអភិបាលរងខេត្ត ដោយមានការចូលរួមពី ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលស្រុក ការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង១.០០០នាក់។
ឆ្លៀតក្នុងឱកាសនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា ពិធីលែងកូនត្រីចម្រុះនៅថ្ងៃនេះគឺត្រូវលែងចូលក្នុងបរិវេណអាងទឹក១មករា សម្រាប់បង្កើនផលត្រីនៅទីនេះឱ្យសំបូរឡើងវិញ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើប្រាស់ រក្សាទុកនូវត្រីមេពូជ សម្រាប់បន្តពូជ និងទាក់ទាញភ្ញៀវទេសចរណ៍។ ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ដែលយើងមិនអាចខ្វះបាន។ ជាមួយនេះដែរ លោកប្រធានមន្ទីរបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដីចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗដែលច្បាប់ហាមឃាត់ដូចជា ឆក់ត្រី ស្បៃមុង ដូចពាកថា (ធនធានជលផលជារបស់យើងទាំងអស់គ្នា យើងចិញ្ចឹមត្រី ត្រីចិញ្ចឹមយើង)។
ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថាកំណើនប្រជាពលរដ្ឋក៏ដូចជាកំណើនប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាប ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផល និងធនធានធម្មជាតិផ្សេងៗទៀត ដែលស្ថិតនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឱ្យបានសម្រេចតាមផែនការប្រើប្រាស់ អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖ ១.ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ត្រូវបន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងវិស័យជលផលឱ្យបានទូលំទូលាយ និងស៊ីជម្រៅ។ ២.ត្រូវបំផុស ការអភិវឌ្ឍវាវីវប្បកម្ម ត្រូវជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូនប្រជាពលរដ្ឋ ចិញ្ចឹម និងការយកចិត្តទុកដាក់ជួយពង្រឹងការច្នៃជលផលប្រកបដោយគុណភាព។ ៣.ត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ ដើម្បីក្លាយជាសហគមន៍នេសាទដែលគ្មានបទល្មើសជលផល។ ៤.ត្រូវថែរក្សាបង្គោលព្រំប្រទល់កន្លែងអភិរក្សដែលបានបោះរួចឱ្យបានល្អ ព្រមទាំងធ្វើសកម្មភាព ការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។ ៥.អាជ្ញាធរស្រុក/ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹកឱ្យបានគង់វង្ស។ ៦.ខណ្ឌរដ្ឋបាលជលផល ត្រូវបន្តដាំព្រៃលិចទឹកឱ្យបានច្រើនលើដីត្រូវបានដកហូតពីការទន្ទ្រាន ដើម្បីស្តារព្រៃលិចទឹកឡើងវិញ និងបន្តការងារស្នើសុំចុះបញ្ជីដីរដ្ឋ។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ


















![]()
