បើកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម នៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម លី វ៉េតអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម នៅសាលាខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកតុង យីអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាននិងមន្ត្រីអមដំណើរលោកលោកស្រីសមាជិក សមាជិកា ជាច្រើននាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ÷ លើកកម្ពស់ ការយល់ដឹង បទដ្ឋានគតិយុត្ត នីតិវិធីនិងវិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្នុងទូទាំងខេត្តកំពង់ធំ នាពេលនេះ គឺផ្ដោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូល ថ្នាំកសិកម្ម និងជីកសិកម្ម ដល់អស់លោក លោកស្រី ដែលជាអាជីវករ លក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម។
មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម ក្នុងឱកាសនោះឯកឧត្តមលី វ៉េតនិងឯកឧត្តម ឡោ រស្មីបានលើកឡើងថា÷
វិស័យកសិកម្មនៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខ ស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។ ដើម្បីបន្តធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើនផលិតភាពការធ្វើ ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបានជំរុញការអនុវត្តវិធានការចាំបាច់មួយចំនួនរួមមាន ៖
ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលបម្រើដល់ផលិតកម្មកសិកម្មបង្កើនការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញ ការអភិវឌ្ឍន៍វិស័យកសិកម្ម។
ទន្ទឹមនឹងនេះការបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយថ្នាំកសិកម្ម និង ជីកសិកម្មដល់
បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋ ដែលបានឆ្លងវគ្គថ្មីៗពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដល់វិស័យកសិកម្មដើម្បីអោយទទួលបានចំណេះដឹង និងមានវិជ្ជាជីវៈពិតប្រាកដ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។
ជាមួយគ្នាដែរអស់លោក លោកស្រី អាជីវករនេះហើយ ដែលត្រូវដើរតួនាទីសំខាន់ណាស់ជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងជាអ្នកផ្ដល់ព័តមានបច្ចេកទេសពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មដល់ប្រជាកសិករ ហើយក៏ត្រូវមានការសហការយ៉ាងល្អជាមួយសមត្ថកិច្ចកសិកម្ម ជាពិសេសគឺ ការិយាល័យនីតិកម្មនៃមន្ទីរកសិកម្ម តាមរបាយរណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត វគ្គនេះជាវគ្គទី១៤ហើយ ដែលមានអ្នកចូលរួម សរុប ១៧០ នាក់ ដែលសិក្ខាកាមចូលរួមមកពី ខេត្ត ហើយគិតមកដល់ថ្ងៃនេះខេត្តកំពង់ធំបើកវគ្គបានចំនួន ១៤ វគ្គដែលមាន សិក្ខាកាមទាំងអស់ ១៧១៧ នាក់ ។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេលបណ្តុះបណ្តាលនេះ លោក លោកស្រីត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនាម និងក្រុមពិភាក្សា ដើម្បី យកចំណេះដឹងបានពីការបណ្តុះបណ្តាលទៅផ្សព្វផ្សាយបន្ត ដល់អ្នកប្រើប្រាស់ផ្ទាល់ ជាពិសេសតាមសហគមន៏ និងមូលដ្ឋានរបស់ខ្លួន ដែលខ្លួនកំពុងប្រកបអាជីវកម្ម ។
( អត្ថបទនិងរូបភាព អ៊ុត ដាវីត-ពិនិត្យដោយអ៊ុមញឹប)។











![]()
