ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតរស់នៅក្នុងទីតាំងបន្ទាយកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានឡើងធ្វើរបាយការណ៍អំពីស្ថានភាពទូទៅក្នុងការគ្រប់គ្រងកងកម្លាំង ការហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្តសាស្ត្រ ការប្រើប្រាស់កម្លាំងចូលរួមក្នុងកិច្ចប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការត្រៀមបម្រុងកម្លាំងអន្តរាគមន៍ តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ជាមួយនោះដែរ ក៏បានបញ្ជាក់ថាក្រុមគ្រួសារកងទ័ព ដែលកំពុងរស់នៅក្នុងទីតាំងបន្ទាយជាមួយស្វាមី ហើយមានជីវភាពលំបាកខ្វះខាត ចំនួន២០ គ្រួសារ សំណូមពរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជួយដោះស្រាយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកម្លាំងកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយអនុវត្តតាមភារកិច្ច ដែលបានប្រគល់ និងអនុវត្តតាមបទបញ្ជា ក្នុងការចល័តអន្តរាគមន៍កងកម្លាំង បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងរស្សនាតូចលេខ១ ត្រូវបន្តខិតខំសាមគ្គីសហការគ្នាឲ្យបានល្អ ក្នុងការបំពេញតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងត្រូវបន្តត្រៀមបម្រុងកម្លាំង និងគ្រឿងបំពាក់គ្រប់គ្រាន់ សម្រាប់ចល័តអន្តរាគមន៍តាមបទបញ្ជា ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ជាមួយនោះដែរ ក៍បានណែនាំដល់កក្រុមគ្រួសារកងទ័ព ដែលរស់នៅក្នុងទីតាំងបន្ទាយជាមួយស្វាមី ត្រូវខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ រួមចំណែកដោះស្រាយជីវភាពគ្រួសារ ឲ្យបានល្អប្រសើរ នឹងត្រូវខិតខំថែរក្សា និងជម្រុញកូនចៅឲ្យបានចូលរៀនសូត្រ និងមានសុខភាពល្អ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន២០គ្រួសារ ដែលកំពុងរស់នៅក្នុងទីតាំងបន្ទាយ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។