ស្នាមញញឹមក្មេងៗសិស្សសាលា ក្នុងកម្មវិធីចែកអំណោយដល់ក្មេងៗសិស្សសាលា បឋមសិក្សាស្ទឹងសែន
(កំពង់ធំ)៖ ថ្ងៃនេះជាថ្ងៃពិសេសមួយសម្រាប់ក្មេងៗសិស្សសាលា ដែលពោពេញដោយស្នាមញញឹម លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន និងកូនៗជាទីស្រលាញ់បានចំនាយថវិកាផ្ទាល់ខ្លួន រៀបចំកម្មវិធីចែកអំណោយដ៏មានន័យដើម្បីចូលរួមចំណែកជួយលើកកម្ពស់គុណភាពជីវភាព និងការសិក្សារបស់ក្មេងៗសិស្សសាលា។ កម្មវិធីនេះត្រូវបានធ្វើនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សាលាបឋមសិក្សាស្ទឹងសែន។
ក្មេងៗបានបង្ហាញស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ ពេញចិត្តដែលទទួលបានសៀវភៅ និងសម្ភារៈសិក្សា ធ្វើឲ្យពួកគេសប្បាយចិត្ត និងកាន់តែមានថាមពលលើការចង់រៀនចង់ដឹង។ ស្នាមញញឹមទាំងនោះ ជាសក្ខីភាពដ៏រស់រវើកនៃសេចក្តីស្រលាញ់ និងសេចក្តីអាណិតអាសូរដែលបង្ហាញពីអនាគតដ៏ភ្លឺស្វាង សម្រាប់កុមារ។
បើនិយាយដោយពាក្យ ស្នាមញញឹមក្មេងៗនោះ គឺជាការឆ្លុះបញ្ចាំងនៃក្តីស្រឡាញ់ និងក្តីសង្ឃឹម ដែលអាចបំផុសពួកគេឲ្យក្លាយជាទំពាំងស្នងឬស្សីក្រោយ ដោយទទួលបានមូលដ្ឋានគ្រឹះល្អលើការអប់រំ និងអំពើល្អ ក្នុងសង្គម។
អំណោយដែលបានចែកចាយរួមមាន៖
១. ឧបត្ថមអំណោយថវិកា = ៦លានរៀល
២. សៀវភៅសរុប = ៦០០ក្បាល (១៥០ក្បាលជូនចំពោះសាលាបឋមសិក្សាស្ទឹងសែន និង៤៥០ក្បាលជូន ដល់គម្រោងអំណាន)
៣. និងសម្ភារៈសិក្សា = ១៥០ឈុត។
គោលបំណងកម្មវិធីនេះគឺជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ក្មេងៗ ដែលប្រឈមបញ្ហាខ្វះខាត និងជំរុញលើកទឹកចិត្តឱ្យពួកគេខិតខំ លើការរៀនសូត្រ និងគោរពលោកគ្រូ អ្នកគ្រូ ព្រមទាំងបង្កើនស្មារតីក្តីស្រឡាញ់ និងការចែករំលែកក្នុងសង្គម។ កម្មវិធីដ៏មានតម្លៃនេះមិនត្រឹមតែជាការផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាក្តីស្រលាញ់ និងគន្លឹះនៃក្តីសង្ឃឹម និងជាអនាគតរបស់ក្មេងៗ។
អត្ថបទដោយ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។