សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងកម្មវិធីអ្នកតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជន ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ក្រោមគំនិតផ្តួចផ្តើមដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
នៅក្នុងនោះក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េ ក្នុងការពិនិត្យ និងព្យាបាល ជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកក្កដានេះ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅថ្ងៃទី១នេះ ក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យព្យាបាលអ្នកជំងឺសរុប ១,០៧៦ នាក់ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។
កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាមកម្មវធីដែលទទួលបាន នៅថ្ងៃទី២៦ ខែកក្កដា ស្អែកនេះ ចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច ក្រុមគ្រូពេទ្យកូរ៉េនឹងបន្តធ្វើការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នឹងពិនិត្យព្យាបាលជំងឺជូនមន្ត្រីរាជការ ព្រមទាំងក្រុមគ្រួសារ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។