ប្រជាពលរដ្ឋខេត្តកំពង់ធំចំនួន ៣២២៨ នាក់ ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជន
(កំពង់ធំ)៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រោមគំនិតផ្តួចផ្តើមដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េបានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទាំងបីថ្ងៃនេះ ក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យព្យាបាលអ្នកជំងឺសរុប ៣២២៨ នាក់ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។
កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ចាក់ថា ក្នុងកម្មវិធីអ្នកតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តខ្យុងសាងប៊ុកដូ ឆ្នាំ២០២៥ បានប្រគល់ជូននូវសម្ភារ:ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ រួមមាន៖ ឱសថពេទ្យ, ម៉ាស៊ីនឆ្លុះអេកូ ( Ultra Sound ) 1គ្រឿង, ផ្តល់អាហារូបករណ៍សិក្សានៅប្រទេសកូរ៉េចំនួន 12នាក់ (គិលានុបដ្ឋាយិកា 6នាក់ វេជ្ជបណ្ឌិត 6នាក់), វែនតាម៉្ញូក 1000គ្រឿង, និងម៉ាសីនត្រជាក់ 4គ្រឿង ផងដែរ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។