កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំដោយឥតគិតថ្លៃ ដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ
(កំពង់ធំ)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលដំណើរការព្យាបាលក្នុងកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានោះដែល ឯកឧត្តម នួន ផារ័ត្ន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ នៅខេត្តដោយឥតគិតថ្លៃ តាមរយៈកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន និងក្រុមការងារទាំងអស់ដែលបានចូលរួមសហការក្នុងកម្មវិធីនេះ។
បន្ទាប់មក ឯកឧត្តម ក៏បានជម្រាបជូនមិត្តភ័ក្តកូរ៉េ ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ អំពីការឈឺចាប់របស់ជនជាតិខ្មែរ ដែលកំពុងរងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ចំពោះការឈឺចាប់ទាំងនេះឯកឧត្តមបានប្រាប់ប្រជាជនថា សូមឱ្យការឈឺចាប់នេះកុំឱ្យឈឺចាប់ដល់រាងកាយ ត្រូវតែខិតខំថែរក្សាសុខភាព ឱ្យកូនចៅខិតខំប្រឹងប្រែងរៀនសូត្រ និងខិតខំប្រឹងប្រែងធ្វើការងារដើម្បីកសាងប្រទេសជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថាក្នុងនាមអ្នកតំណាងរាស្រ្ត និងប្រជាជនមានសេចក្តីសោមនស្សរីករាយ ដែលសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
ឯកឧត្តម បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទៅនៅខេត្តកំពង់ធំ ដោយមិនប្រកាន់និន្នាការ នយោបាយ សាសនា វណ្ណៈអ្វីឡើយ គឺក្នុងគោលបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ គិតត្រឹមថ្ងៃទីពីរនេះមានបងប្អូនប្រជាពលរដ្ឋចំនួន២,៥៧៦នាក់ មកទទួលការពិនិត្យ និងព្យាបាលជម្ងឺ៕ អត្ថបទដោយ សូរហ៊ាន សំអាង.បានពិនិត្យហើយ។