សាខាសមាគមនារី ខេត្តកំពង់ធំចែកធុងចម្រោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ក្នុងឃុំក្លែង ស្រុកសណ្តាន់
(កំពង់ធំ)៖សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំដឹកនាំដោយ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ២៥០ គ្រួសារ ក្នុងបរិវេណ វត្តរការជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៥ ។
ដោយមានការចូលរួមពីសមាជិការសមាគមន៍នារីជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថាតាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយដើម្បីបានសម្ភារៈនេះមក ចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
លើសពីនេះសមាគមនារីខេត្តកំពង់ធំនឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ធំ ហើយការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនឹងជួយអភិវឌ្ឍសង្គម។
ទន្ទឹមពេលជាមួយគ្នានោះដែរ លោកជំទាវ ក៏បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សា ការពារ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។
លោកជំទាវ ឃួន ឃុនឌី បានណែនាំទៅកាន់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាត ឲ្យចេះពីរបៀបប្រើប្រាស់ លាងសម្អាត និងទុកដាក់ឲ្យបានត្រូវត្រឹមទៅតាមការណែនាំ ដើម្បីជៀសវាងយកទៅប្រើប្រាស់ខុស ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងឆាប់ខូចខាតផងដែរ។