
អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ នៅឃុំច្រនាង ស្រុកតាំងគោក ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង ១,២៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាសបេតុង ០,១៥ម៉ែត្រ ស្ថិតនៅភូមិប្រាំងសំរោង និងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុងនេះ លោក អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំច្រនាង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោក ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំ ទៅកាន់ទីផ្សារ។
លោក ហាក់ ម៉ុងហួត ក៏បានបញ្ជាក់ផងដែរថា ផ្លូវនេះជាគម្រោងមូលនិធិឃុំ ដែលជា ថវិការបស់រាជរដ្ឋាភិបាលមួយកញ្ចប់ ដែលប្រគល់ឱ្យឃុំសម្រាប់ចាត់ចែង និងអភិវឌ្ឍតាមតម្រូវការរបស់ប្រជាពលរដ្ឋជាក់ស្ដែង។ ផ្លូវទាំង នេះមិនមែនជាសិទ្ធរបស់អ្នកណាម្នាក់នោះទេ តែគឺជារបស់រួមដែលយេីងទាំងអស់គ្នាត្រូវចេះថែរក្សា និងចូលរួមសហការពិនិត្យមើលឱ្យបានត្រឹមត្រូវពេលដែលក្រុមហ៊ុនសាងសង។
លោកអភិបាលស្រុក ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបានដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់។ បន្ថែមពីនេះលោកក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។
លោក ហាក់ ម៉ុងហួត ក៏បានក្រេីនរំលឹក និងលេីកទឹកចិត្តដល់អាជ្ញាធរ ភូមិ ឃុំ ចូលរួមត្រួតពិនិត្យនូវការសាងសងចៀសវាងមានផលប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋ រួបរួមសាមគ្គីគ្នា និងលេីកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានទឹកដី ពីប្រទេសសៀមផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។














![]()
