ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរដោយលោក ពេញ កែម ត្រួតពិនិត្យផ្ទៃដីដែលបានដកហូតពីជនល្មើសលួចកាប់ទន្ទ្រានកន្លងមកចំនួនជាង ១,២០០ហិកតា ទុកជាសម្បត្តិរដ្ឋនៅតំបន់ខ្ទុមមួយដើម និងតំបន់ស្នងមែន ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោ មស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកពេញ កែម អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ឋឹងសែន បានដឹកនាំសហការី រួមជាមួយក្រុមទីបញ្ជាការស្រាលប្រចាំការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់គោកព្រះ បានទៅពិនិត្យស្ថានភាពព្រំប្រទល់តំបន់ពីរនិងតំបន់បី ពិសេសផ្ទៃដីដែលបានដកហូតពីជនល្មើសដែលបានលួចកាប់ទន្ទ្រាននាពេលកន្លងទៅទុកជាសម្បត្តិរដ្ឋ ស្ថិតនៅក្នុងតំបន់ខ្ទុម្ភ មួយដើម និងតំបន់ស្នងមែន ក្នុងសង្កាត់ប្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ពេញ កែម បានរាយការណ៍បញ្ជាក់ថា ក្នុងរដូវប្រាំងកន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញដីកាដកហូតផ្ទៃដីចំនួនជាង៦៣៥ហិកតា នៅក្នុងតំបន់ខ្ទុម្ភមួយដើមជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងផ្ទៃដីចំនួនជាង៦០០ ហិកតាទៀតស្ថិតនៅក្នុងតំបន់ស្នងមែន ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីគ្រប់គ្រងជាសម្បត្តិរដ្ឋ ហើយកងកម្លាំងចម្រុះបានធ្វើការល្បាតជាប្រចាំ មិនអនុញ្ញាតដាច់ខាតឱ្យមានជនណាចូលទន្ទ្រានកាន់កាប់ឬធ្វើស្រែជាថ្មីទៀតបានឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន រួមជាមួយកងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការនៅទីបញ្ជាការស្រាលតំបន់គោកព្រះ ដោយកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារទប់ស្កាត់មិនឲ្យកើតឡើងជាថ្មីនូវការកាប់ទន្ទ្រានក្នុងតំបន់ព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ហើយគ្រប់គ្រងបានល្អនៅផ្ទៃដីដែលបានដកហូតពីជនល្មើសដែលលួចកាប់ទន្ទ្រានកន្លងទៅ ទុកជាសម្បត្តិរដ្ឋ ដេីម្បីរក្សាឱ្យបានព្រៃធម្មជាតិដុះឡើងវិញជាជម្រកសម្រាប់ត្រីពងកូនក្នុងរដូវវស្សា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដើម្បីការពារទប់ស្កាត់មិនឲ្យមានការកាត់ទន្ទ្រានព្រៃលិចទឹកជាថ្មី បានទៀតជាដាច់ខាត។ ក្នុងករណីជនណានៅតែបំពានក្នុងការប្រព្រឹត្តបទល្មើសជាក់ស្ដែងត្រូវចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង ដើម្បីបញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនទីបញ្ជាការស្រាលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់គោកព្រះ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។