សមាជិករដ្ឋសភាជំរុញដោយមាតាបិតាពិនិត្យតាមដានកូនចៅដែលស្ថិតក្នុងវ័យសិក្សារៀនសូត្របើចង់មានចំណេះដឹងខ្ពង់ខ្ពស់
(កំពង់ធំ)៖ លោកជំទាវ យស ថានារីសមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំជំរុញដោយមាតាបិតាពិនិត្យតាមដានកូនចៅដែលស្ថិតក្នុងវ័យសិក្សារៀនសូត្របើចង់មានចំណេះដឹងខ្ពង់ខ្ពស់ ។
លោកជំទាវ យស ថានារី ថ្លែងក្នុងពិធីផ្តល់ធុងចម្រោះទឹកស្អាតជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO ដល់ប្រជាពលរដ្ឋ២៥០គ្រួសារ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន រសៀលថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ នៅសាលាសង្កាត់អាចារ្យលាក់។
លោកជំទាវបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង
បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកជំទាវបន្តថាយើងជាយុវជនជំនាន់ក្រោយ ត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមានការស្តាយក្រោយ ព្រោះយើងមានឱកាស ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូស ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ ព្រោះវិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំង ដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកជំទាវបានអំពាវដល់មាតាបិតាទាំងអស់ឲ្យអប់រំដល់កូនៗឲ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ដើម្បីឲ្យយុវជនជាទំពាំងស្នងឬស្សីបំរើប្រទេសជាមានការីកចម្រើន ។
លោកជំទាវ យស ថានារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាពអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។