សមាជិករដ្ឋសភាផ្តល់ធុងជម្រោះទឹកស្អាតចំនួន២៥០គ្រួសារដល់ប្រជាពលរដ្ឋនៅស្រុកសន្ទុក
(កំពង់ធំ)៖ធុងជម្រោះទឹកស្អាតផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំផ្តល់ជូនដល់ប្រជាពលរដ្ឋ ២៥០គ្រួសារ ស្រុកសន្ទុក ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៥ នៅសាលាស្រុកសន្ទុក។
ក្នុងឱកាសចុះជួបសំណេះសំណាលលោកជំទាវបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាដែលលោកតែងគិតគូរសុខទុក្ខនិងដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។
លោកជំទាវបានបន្តថាចំពោះការផ្តល់ជូនធុងចម្រោះទឹកស្អាតនាពេលនេះគឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទនិងសុខមាលភាពរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរសធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
លោកជំទាវ យស ថានារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនហើយត្រូវបន្តថែរក្សាសុខភាពអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
ពិសេសធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា។