ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើក៤ អាណត្តិទី៤ ដើម្បីពិនិត្យខ្លឹមសារ អត្ថន័យរបាយការណ៍ប្រចាំខែរបស់រដ្ឋបាលខេត្ត និងបញ្ហាប្រឈមមួយចំនួន
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា កិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ នៅតាមមន្ទីរ អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។
សូមបញ្ជាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៣ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត ដីកា ស្តីពីការចាត់តាំងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ
៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ធំ
៥- បញ្ហាផ្សេងៗ។ អត្ថបទដោយ ឈួន ឆេងមួន-ពិនិត្យដោយអ៊ុមញឹប។