ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រារព្ធពិធីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៥ ប្រលែងត្រីចម្រុះនៅសហគមន៍នេសាទរស្មីភូមិពីរគិរីបឹងក្រញ៉ាក ស្រុកសណ្តាន់
(កំពង់ធំ)÷ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រារព្ធពិធីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៥ ប្រលែងត្រីចម្រុះនៅសហគមន៍នេសាទរស្មីភូមិពីរគិរីបឹងក្រញ៉ាក ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ លោក ជិន ស៉ីថា នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែក នាយសង្កាត់ មន្រ្តីខណ្ឌ ក្រុមចលនាយុវជនកម្ពុជា(ក១៥៧) អាជ្ញាធរភូមិឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន២៥០នាក់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
លោក ជិន ស៉ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានលើកឡើងថា ដោយមានកិច្ចសហការ និងការជួយឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរស្រុក/ឃុំ កងកម្លាំងប្រដាប់អាវុធ សហគមន៍ ដើម្បីរៀបចំពិធីនេះឡើងក្នុងន័យបំផុសចលនាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត បានគង់វង្សយូរអង្វែង ដើម្បីធានានិរន្តរភាពធនធានជលផល បានគ្រប់គ្រាន់សម្រាប់តម្រូវការហូបចុករបស់ប្រជាជន។ ការថែរក្សាការពារអភិរក្ស និងទប់ស្កាត់បទល្មើសជលផល ជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋតាមពាក្យស្លោកគឺ(ត្រីដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីត្រី យើងចិញ្ចឹមត្រី ត្រីចិញ្ចឹមយើង)។
ថ្លែងនៅក្នុងកម្មវិធីនេះលោក ប៉ែន វណ្ណរិទ្ធ បានកោតសសើរចំពោះខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាមន្ទីរ អង្គភាពនានា កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមទប់ស្កាត់បទល្មើសជលផល ទប់ស្កាត់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹក ការដាំព្រៃលិចទឹកការអភិរក្ស ធនធានធម្មជាតិ ក៏ដូចជាកិច្ចសហការ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការសហគមន៍នេសាទទូទាំងខេត្ត ស្តីពីលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសហគមន៍នេសាទជាដើម។ ជាពិសេស ចំពោះការចាត់វិធានការយាមការពារកន្លែងអភិរក្សជលផលទាំងអស់ បានលទ្ធផលល្អដោយសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នៅមូលដ្ឋាន ដែលសង្ឃឹមថា ត្រីមេពូជទាំងនេះ កំពុងពងកូនបន្តពូជ ធ្វើឱ្យសម្បូរផលត្រីទៅឆ្នាំក្រោយទៀត។
ក្នុងឱកាសប្រារព្ធពិធីលែងកូនត្រីពូជនៅក្នុងអាងទឹកបឹងក្រញ៉ាកដ៏មានអត្ថន័យនេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ អាជ្ញាធរមូលដ្ឋាន សូមបន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ នឹងវិស័យជលផលឱ្យបានទូលំទូលាយ នឹងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជនក្នុងមូលដ្ឋាន។ ត្រូវបន្តការងារបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពថែមទៀត។ ត្រូវបំផុសការអភិវឌ្ឍវាវីវប្បកម្ម ដោយត្រូវជំរុញការបង្កាត់ភ្ញាស់ពូជត្រី ដើម្បីចែកជូនប្រជាពលរដ្ឋចិញ្ចឹម បង្កើនប្រាក់ចំណូលដល់កសិករ និងកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនទឹកធម្មជាតិ។ ត្រូវខិតខំពង្រឹងសមត្ថភាពសហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ។ ប្រជាពលរដ្ឋទាំងអស់កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ក្នុងការធ្វើនេសាទជាពិសេសគឺឧបករណ៍ឆក់ និងស្បៃមុង។
សូមបញ្ជាក់ផងដែរថា ទិវាមច្ឆជាតិ ១កក្កដា ២០២៥ ប្រលែងត្រីចម្រុះនៅសហគមន៍នេសាទរស្មីភូមិពីរគិរីបឹងក្រញ៉ាក ស្រុកសណ្តាន់ ខេត្តកំពង់ធំមាន÷ ត្រីឆ្ពិនចំនួន២០.០០០ក្បាល ត្រីកាហែចំនួន១០.០០០ក្បាល
ត្រីព្រលូងចំនួន១០.០០០ក្បាល ត្រីមេពូជឆ្ពិន ត្រីកាហែ ត្រីព្រលូងចំនួន១០គីឡូក្រាម និងត្រីស្រែចំនួន៥០គីឡូក្រាមផងដែរ។ អត្ថបទលោក ធូ កែវមុន្នី -ពិនិត្យដោយអ៊ុមញឹប។