អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវលើកគម្រោងធ្វើផ្លូវ ប្រព័ន្ធធារាសាស្ត្រផ្ដោតលើការសាងសង់លូ និងប្រព័ន្ធរំលោះទឹកឱ្យបានធំទូលាយ ដើម្បីធានាការរំដោះទឹកជំនន់ជាយថាហេតុ
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវលើកគម្រោងធ្វើផ្លូវ ប្រព័ន្ធធារាសាស្ត្រផ្ដោតលើការសាងសង់លូ និងប្រព័ន្ធរំលោះទឹកឱ្យបានធំទូលាយ ដើម្បីធានាការរំដោះទឹកជំនន់ជាយថាហេតុ លោកអភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ នៅសាលាឃុំរុងរឿង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំរុងរឿង ដែលបានលើកគម្រោងអភិវឌ្ឍន៍សាងសង់ផ្លូវបេតុង សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានងាយស្រួលសុវត្ថិភាព ដែលជាការឆ្លើយតបជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍមូលដ្ឋាន ក្រោមដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អ្នកទទួលការអនុវត្តសាងសង់ផ្លូវបេតុងថ្មីនេះ ឱ្យប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យា ជាពិសេសត្រូវផ្ដោតសំខាន់បំផុតគឺគ្រឹះក្រោមឱ្យបានរឹងមាំដើម្បីធានាបាននូវគុណភាពសំណង់ខ្ពស់ជាពិសេសដើម្បីទប់ទល់ជាមួយនឹងស្ថានភាពគ្រោះទឹកជំនន់ដែលតែងតែជួបប្រទះស្ទើររៀងរាល់ឆ្នាំ។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានសាទរក្រៃលែងចំពោះដំណើរការដេញថ្លៃនៅក្នុងឱកាសនេះ ដែលប្រកបដោយជោគជ័យ និងតម្លាភាពបំផុត ហើយបានណែនាំដល់ប្រធានលទ្ធកម្មឃុំ និងសហការី ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពដំណើរការសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាបាននៅផ្លូវបេតុងអាមេ ប្រកបដោយគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង។អត្ថបទរដ្ឋបាលស្រុកស្ទោង
សូមបញ្ជាក់ថាការដេញថ្លៃសាងសង់នៅក្នុងពេលនេះគឺមានផ្លូវបេតុងអាមេប្រវែង៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ចាក់គ្រួសស្មាសងខាងផ្លូវម្ខាង ០,៥ម៉ែត្រ លូភ្លោះឆ្លងកាត់មួយកន្លែងប្រវែង៧ម៉ែត្រ និងស្លាកគម្រោង១ផ្ទាំងនៅភូមិបទុមលិ ភូមិកន្តុងរ៉ុង ជាមួយតម្លៃប៉ាន់ស្មាន ២១៦,៤៧៥,៤២៣៛00។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។