កម្មវិធីសម្ពោធវគ្គបណ្តុះបណ្តាល៖ លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងជំរុញការលក់តាមទីផ្សារឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានរៀបចំកម្មវិធីសម្ពោធវគ្គបណ្តុះ បណ្តាលកសាងសមត្ថភាពសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ វគ្គនេះផ្តោតលើអក្ខរកម្មហិរញ្ញវត្ថុ និងការលើកកម្ពស់ការលក់តាមទីផ្សារឌីជីថល ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងចែក រំលែកព័ត៌មានជាមួយអ្នកចូលរួមនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការត្រៀមខ្លួន និងការលើកទឹកចិត្តដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល។
កម្មវិធីនេះមានការចូលរួមពីនាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ (SDF) ក្រុម ហ៊ុនហ្គ្រោល៤ហ្គ្រោស (G4G) លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងប្រធាន-អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តទាំង៥ អភិបាលរងស្រុកស្ទោង តំណាងលោកអភិបាលស្រុកស្ទោង លោកមេឃុំចំណារលើ និងមេភូមិ លោកមេឃុំកំពង់ចិនត្បូងនិងមេភូមិ លោកតំណាងមេឃុំឈូក ស្រុកប្រាសាទសំបូរ និងសិក្ខាកាមជាង១០០ នាក់ ស្ថិតនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងខេត្តកំពង់ធំ។
លោកស្រី គីម តុលតាន់ ស្ថាបនិកក្រុមហ៊ុន G4G បានលើកឡើងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើននៅកម្ពុជា មិនទាន់បានចុះបញ្ជីជាមួយអាជ្ញាធរពន្ធ ឬអាជ្ញាធរអាជីវកម្មនោះទេ ដោយសារតែការខ្វះការចុះបញ្ជីនេះ បណ្តាលឱ្យពួកគេមិនទទួលបានការការពារផ្លូវច្បាប់ មិនអាចចូលការការពារផ្លូវច្បាប់ មិនអាចចូលរួមប្រព័ន្ធសង្គមសន្តិសុខ និងមិនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានឡើយ។ រដ្ឋាភិបាលក៏បានទទួលស្គាល់អំពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងដាក់ចេញយុទ្ធសាស្ត្រដើម្បីជម្រុញឱ្យអាជីវកម្មទាំងនេះចូលរួមក្នុងប្រព័ន្ធផ្លូវការជាបន្តបន្ទាប់។
លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរនេះមានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងជម្រុញការអនុវត្តយុទ្ធសាស្ត្រជាតិ ដោយដឹកនាំការត្រួតពិនិត្យ តាម ដាន និងវាយតម្លៃការអនុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ មន្ទីរក៏បានសហការ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កន្លងមក មន្ទីរបានចុះផ្សព្វផ្សាយ ស្រង់ស្ថិតិ សិក្សាបញ្ហាប្រឈម និងចែក រំលែកព័ត៌មាននានា ពាក់ពន្ធ័នឹងការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសហការជាបន្តបន្ទាប់ជាមួយរដ្ឋបាលខេត្ត ក្រសួង និងស្ថាប័នពាក់ពន្ធ័។
លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ (SDF) បានបញ្ជាក់ថា គោល បំណងនៃការចូលរួមក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ធំ គឺដើម្បីលើក កម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពអាជីវកម្មរបស់សិក្ខាកាម SDF បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍជំនាញដើម្បីពង្រឹងសមត្ថភាពនៃតួអង្គក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
មូលនិធិអភិវឌ្ឍន៍ (SDF) មានបំណងបន្តអភិវឌ្ឍសមត្ថភាពទាំងក្នុងផ្នែកចំណេះដឹង និងជំនាញ ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិរយៈពេល ២០២៣-២០២៨ ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមការជឿជាក់របស់ SDF ការបណ្តុះបណ្តាលនេះនឹងជាជំនួយដ៏សំខាន់ក្នុងការបង្កើនចំណូល និងពង្រីកអាជីវកម្មឱ្យរីកចម្រើនយ៉ាងចីរភាព។ “ជំនាញខ្ពស់ ចំណូលខ្ពស់!” អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។