លោក តាន់ ប៊ុនហុង បានលើកឡើងថា ការអប់រំត្រូវយកចិត្តទុកដាក់ការលើកកម្ពស់សុខភាពដល់កុមារ យុវជន បុគ្គលិកអប់រំ ឱ្យមានសុខភាពល្អ ធានាបាននូវការបង្កើតមូលធនមនុស្សឱ្យបានរឹងមាំ និងយូរអង្វែង
(កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានលើកឡើងថាការអប់រំត្រូវយកចិត្តទុកដាក់ការលើកកម្ពស់សុខភាពដល់កុមារ យុវជន បុគ្គលិកអប់រំ ឱ្យមានសុខភាពល្អ ក្នុងការបណ្ដុះបណ្ដាលអប់រំ ធនធានមនុស្សឱ្យបានរឹងមាំ និងយូរអង្វែង ស្ថិតនៅសាលាបឋមសិក្សាស្ពឺ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីកញ្ញា បេង ហុងសិលា បុស្បា ប្រធានកម្មវិធីមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហេលែន ខេលល័រអន្តរជាតិ លោក លោកស្រីក្រុមការងារមូលនិធិជំងឺទឹកនោមផ្អែមពិភពលោក និងអង្គការហេលែន ខេលល័រអន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីមណ្ឌលសុខភាពឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សប្រមាណជាង៤០០នាក់។
លោក តាន់ ប៊ុនហុង បានលើកឡើងទៀតថា ការរៀបចំតាំងពិព័ណ៌អាហារសុខភាព មានបន្លែ ផ្លែឈើ ត្រីសាច់ ដែលបានមកពីសហគមន៍ ព្រមទាំងការតាំងបង្ហាញនូវពានជ័យលាភីស្តង់ដាសាលារៀនគំរូថ្នាក់ជាតិ ដែលជាចំណែកមួយនៃការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពសាធារណៈ ពិសេសនៅក្នុងសាលារៀនទាំងមូល ធានាបាននូវការកសាងមូលធនមនុស្សដ៏រឹងមាំ និងប្រកបដោយចីរភាព។
លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហេលែន ខេលល័រអន្តរជាតិ បានលើកឡើងថា៖ អង្គការហេឡែនខែលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានចាប់ដៃគូជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១៥០ នៅខេត្តគោលដៅចំនួន០៤ គឺកំពង់ធំ កំពង់ស្ពឺ កំពត និងខេត្តតាកែវ។ ជាមួយគ្នានេះសម្រាប់ខេត្តកំពង់ធំ យើងបានអនុវត្តនៅ០៣ស្រុកគោលដៅ លើ៤០សាលាបឋមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។
ជាមួយគ្នានេះផងដែរកញ្ញា បេង ហុងសិលា បុស្បា ប្រធានកម្មវិធីមូលនិធិទឹកនោមផ្អែមសកលលោក បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងបានកើនឡើង និងឆក់យកអាយុជីវិតប្រជាជនកម្ពុជាគួរឱ្យព្រួយបារម្ភ ពិសេសជំងឺមហារីកបានសម្លាប់ជីវិតប្រជាជនកម្ពុជា០១នាក់ ក្នុងរយៈពេល៤០នាទី នេះបើតាមរបាយការណ៍របស់ក្រសួងសុខភិបាល។ ឆ្លើយតបនឹងបញ្ហានេះ ក្រៅពីកិច្ចសហការជាមួយអង្គការដៃគូ ការិយាល័យសុខភាពសិក្សាបាន ជំរុញដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារ និងត្រូវត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារក្នុង និងក្រៅសាលារៀន ហាមដាច់ខាតការនាំចូល និងលក់អាហារ និងភេសជ្ជៈប៉ះពាល់សុខភាពសិស្ស ការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទីកក្នុងសាលារៀន ព្រមទាំងទម្លាប់ឱ្យសិស្ស និងគ្រូបង្រៀនធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ កញ្ញាបានមានមតិសង្កត់ធ្ងន់ថា៖ ការអប់រំ ដែលយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ គឺជាការអប់រំដែលសម្រេចបានគោលដៅប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ព្រោះនៅពេលកុមារ យុវជន និងបុគ្គលិកអប់រំ មានសុខភាពល្អ ពួកគាត់នឹងបានចូលរួមយ៉ាងសកម្ម និងពេញលេញ ក្នុងការបណ្ដុះបណ្ដាលអប់រំ ធនធានមនុស្សរឹងមាំ និយូរអង្វែងផងដែរ។
កញ្ញា បេង ហុងសិលា បុស្បា បានសំណូមពរដល់បងប្អូនអាជីវករលក់ដូរនៅក្នុង និងក្រៅរបងសាលារៀនត្រូវលក់អាហារដែលល្អសម្រាប់សុខភាពកុមារ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ដោយត្រឡប់ទៅប្រើប្រាស់ស្លឹកចេក ឬស្លឹកឈូកជំនួសវិញ។ ចំពោះលោកនាយកសាលា លោកគ្រូអ្នកគ្រូត្រូវបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ការទទួលអាហារមិនល្អសម្រាប់សុខភាព ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីក ព្រមទាំងអប់រំចរិយាធម៌ សីលធម៌ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ និងជាប្រចាំផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។












![]()
