ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី
(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ស្វាយ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ក្នុងឱកាសដែលលោកជំទាវ ចុះជួបសំណេះសំណាល សួរសុខទុក្ខ គណ:កម្មាធិការបក្សឃុំ លោក លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំសាន់គ នៅកស្នាក់ការគណបក្សឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
ក្នុងពិធីនោះក៏មានការចូលរួមពីលោក ជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកប្រធានគណ:កម្មាធិការបក្សឃុំ លោក លោកស្រីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ លោកនាយប៉ុស្តិ៍ លោកនាយកសាលា លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសាខាគណបក្សភូមិចំនួន៥៦នាក់ ផងដែរ។
ជាមួយគ្នានោះដែល លោកជំទាវ បានរំលឹកពីវីរភាព និងការលះបង់របស់យុទ្ធជនក្នុងការរំដោះប្រទេស ព្រមទាំងចងចាំមហាវីរភាព និងដឹងគុណដល់យុទ្ធជនជំនាន់មុន។ ជាពិសេសគឺជ័យជំនះ ៧ មករា ដែលជាការចងចាំពីការសង្គ្រោះជីវិតប្រជាជនកម្ពុជា ហើយក៏ជាការនាំមកនូវសិទ្ធិសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិដល់ពេលនេះ។
លោកជំទាវ បានបន្តថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចាត់ទុកថ្ងៃទី៧ ខែមករា ជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ដែលបានបញ្ចប់របបកម្ពុជាប្រជាធិបតេយ្យ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងធ្វើឱ្យមានមនុស្សស្លាប់ជិត ៣លាននាក់។ ហើយរបបដ៏ឃោរឃៅខ្មៅងងឹតមួយនេះ ត្រូវបានកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនេះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយសហការជាមួយកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជាបានទាន់ពេលវេលា ជួយសង្គ្រោះប្រជាជនស្លូតត្រង់រាប់លាននាក់ពីការសម្លាប់ ដោយទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផងដែរ។
បន្ទាប់មកលោកជំទាវ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការណ៍វិវត្តន៍នៃសង្រ្គាមកម្ពុជា-ថៃ ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅលើសមរភូមិការទូត ផ្លូវច្បាប់ និងយោធា ក៏ដូចជាវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន ហើយក៏គ្មានការចចារប្តូរយកសន្តិភាពជាមួយនឹងការកាត់ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានោះឡើយ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។
















![]()
