រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦
(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាព និងវាយតម្លៃសភាពការណ៍អន្តរជាតិ និងជាតិ ជាពិសេសការវិវត្តនៃជម្លោះព្រំដែនកម្ពុជា-ថៃ ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានបទឈប់បាញ់នៅនឹងកន្លែង ដែលជាចំណុចចាប់ផ្តើមមួយ ក្នុងដំណើរស្ថាបនាឡើងវិញនូវសន្តិភាពតាមបន្ទាត់ព្រំដែន។
ឯកឧត្តមបន្តទៀតថា ទោះបីជាកម្ពុជាយើងត្រូវការសន្តិភាព ហើយទីតាំងមួយចំនួនត្រូវបានកងទ័ពថៃបំពានចូលមកកាន់កាប់ដោយខុសច្បាប់អន្តរជាតិ ក៏ប៉ុន្តែយើងមានគោលការណ៍ច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដីយើង ពោលគឺមិនមានការកាត់ទឹកដីណាមួយ ជាថ្នូរនឹងសន្តិភាពឡើយ ហើយការឈរជើងខុសច្បាប់របស់កងទ័ពថៃ ក៏មិនមែនជាការកំណត់បន្ទាត់ព្រំដែននោះឡើយ។ ការកំណត់ព្រំដែននៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងដោយយន្តការ នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ឯកឧត្តមបន្តថា សង្រ្គាមជាមួយប្រទេសថៃមិនទាន់ចប់នៅឡើយដរាបណាការរំលោភបំពាននៅតែមាន ហើយការតស៊ូរបស់យើងតាមមធ្យោបាយការទូត និងផ្លូវតុលាការ ដោយឈរលើមូលដ្ឋានសច្ចធម៌នៃការពិត គោលការណ៍ច្បាប់អន្តរជាតិ និងឈរលើមូលដ្ឋានសាមគ្គីរឹងមាំរបស់ជាតិ និងប្រជាជន ត្រូវតែបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននេះរហូតដល់ទីបញ្ចប់។ ហេតុនេះ យើងត្រូវបន្តជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ក្នុងការគ្រប់គ្រងសភាពការណ៍ និងការស្វែងរកដំណោះស្រាយដែលល្អបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីកម្ពុជា និងជឿជាក់លើវីរកងទ័ពរបស់កម្ពុជាយើង ដែលកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងស្មារតីពលិកម្មខ្ពស់ ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា “មានតែខ្មែរយើងរួបរួមទេ ទើបធ្វើសត្រូវយើងដកថយពីទង្វើរំលោភបំពានរបស់គេ”។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនអង្គប្រជុំក្រុមប្រឹក្សាអំពីគម្រោងអភិវឌ្ឍន៍នានានៅក្នុងខេត្ត ជាពិសេសគម្រោងសំខាន់ៗដែលនឹងត្រូវអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៦នេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ធំ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនេះ បានលើកយករបៀបវារៈនៃកិច្ចប្រជុំរួមមាន÷ ១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៣-ពិនិត្យ និងអនុម័ត ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៤-បញ្ហាផ្សេងៗ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ





















![]()
