អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែ នៅឃុំប្រាសាទ ស្រុកសន្ទុក
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ១.១០៣ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំប្រាសាទ ឆ្នាំ២០២៥ ស្រុកសន្ទុក នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
នាឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការណ៍វិវត្តន៍នៃសង្រ្គាមកម្ពុជា-ថៃ ជាពិសេស គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅលើសមរភូមិការទូត ផ្លូវច្បាប់ និងយោធា ក៏ដូចជាវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នួន ផារ័ត្ន មានប្រសាស៍បន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅតាមបន្ទាត់ព្រំដែន ដោយគ្មានការកាត់ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្តូរយកសន្តិភាពនោះឡើយ។ រាល់ទីតាំងដែលត្រូវបានឈ្លានពានដោយទាហានថៃ មិនមែនជាការកំណត់ព្រំដែនរបស់ប្រទេសទាំងពីរនោះទេ ការកំណត់ព្រំដែននៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងដោយយន្តការនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របទៅតាមច្បាប់អន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទ ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់គម្រោងមូលនិធិឃុំ ក្នុងឆ្នាំ២០២៥។ លើសពីនេះទៀត ឯកឧត្តម បានជួយបំពាក់អំពូលសូឡា និងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀត ដើម្បីជួយបំភ្លឺនៅពេលយប់ ជូនពុកម៉ែមាមីងបងប្អូន មានភាពងាយស្រួលក្នុងការធ្វើដំណើរ ដើរហាត់ប្រាណ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។



















![]()
