ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ផ្ទះចំនួន ២ខ្នងថ្មីទៀត ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន ២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ឃន ចាន់ថៃ អភិបាលស្រុក បារាយណ៍ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត មានដី តែគ្មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិតាអោង និងភូមិប្រនាគ, ឃុំចើងដើង ស្រុកបារាណ៍ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មីដែលបានសាងសង់ជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ គឺទី១ លោកស្រី ហែម ហឿន គ្រួសារអតីតយុទ្ធជនពលី មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ និងទី២ លោកអនុសេនីយ៍ឯក សុខ ផល្លីន មានភរិយា និងកូននៅក្នុងបន្ទុកចំនួន ៤នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយក្នុងផ្ទះមួយខ្នងមានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារ ដំបូលប្រក់ស័ង្កសីកិនភ្លី ដោយមានតសំយាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ជូនបងប្អូនអតីតយុទ្ធជនប្រើប្រាស់ផងដែរ ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានចាន ឆ្នាំង ស្លាបព្រា មុង ភួយ កន្ទេល ខ្នើយ និងសម្ភារផ្ទះបាយមួយចំនួនទៀត ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនទាំងពីរខ្នងផ្ទះនេះផងដែរ ។
លោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបារាយណ៍ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ២ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននាពេលនេះ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
