ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពដឹងគុណដល់វីរភាពកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានថ្លែងនូវការគោរពដឹងគុណ ដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី ដែលត្រូវបានរំលោភឃ្លានពានពីពួកចោរសៀម នឹងបានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប និងយោធិននៅគ្រប់បណ្ដាអង្គភាព ព្រមទាំងក្រុមគ្រួសារ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ដែលប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិសេស ផ្សព្វផ្សាយសភាពការណ៍ទូទៅ និងប្រគល់ភារកិច្ចជូនដល់កងកម្លាំងក្រោមឱវាទ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសេចកីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំ ព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី១ នៃការអនុវត្តបទឈប់បាញ់នៅនឹងកន្លែង ព្រមទាំងការដោះស្រាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាមរយៈគណៈកម្មាធិការព្រំដែន (JBC) ដោយការកំណត់ខ្សែបន្ទាត់ព្រំដែនជាអន្តរជាតិ និងសិទ្ធិសញ្ញា អនុសញ្ញា នានា ដែលនៅជាធរមាន ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងបានផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានផ្សព្វផ្សាយសេចកីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលកម្ពុជាបានតវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងអំឡុងពេលប្រតិបត្តិការជាទ្រង់ទ្រាយធំ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយបទឈប់បាញ់ នៅតំបន់មួយចំនួនក្នុងខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអប់រំ ពង្រឹងតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដោយយោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចការពារជាតិសាសនាព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនោះដែរ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាក្នុងភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដោយគ្មានការដកថយឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។











![]()
