ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា “សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ” ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីអញ្ជើញជួបចំណេះសំណាលសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពនៅស្រុកស្ទោង កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៦។
ឯកឧត្តមបានបានបន្ថែមថា សង្គ្រាមឈ្លានពាននេះ មិនត្រឹមតែធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងនិងបាត់បង់ឱកាសសិក្សារៀនសូត្ររបស់កុមារនោះទេ គឺថែមទាំងបាត់បង់នូវឱកាសកសាងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ ហើយថែមទាំងធ្វើមានការវិនាសព្រាត់ប្រាសក្រុមគ្រួសារ បាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងវីរៈកងទ័ពជាច្រើនថែមទៀត។
ទន្ទឹមនឹងនេះឯកឧត្តមបានអំពាវនាវដល់ជនភៀសសឹកគ្រប់រូបត្រូវបន្តអត់ធ្មត់សង្កត់ចិត្តស្នាក់នៅបណ្ដោះអាសន្ននៅក្នុងស្រុកស្ទោងបន្តទៀតរហូតដល់ពេលដែលមានការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានឬរាជរដ្ឋាភិបាលក្នុងការឱ្យវិលត្រឡប់ទៅកាន់មូលដ្ឋានគេហដ្ឋានខ្លួនវិញប្រកបដោយសុខសុវត្ថិភាព ជាពិសេស មិនមានការគ្រោះថ្នាក់ជាយថាហេតុនៃគ្រាប់មីនឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ពីសង្គ្រាមនោះ។
ជាចុងបញ្ចប់ឯកឧត្តម ថោ ជេដ្ឋា បានអំពាវនាវដល់ពុកម៉ែបងប្អូនក្នុងមូលដ្ឋាន បងប្អូនជនភៀសសឹកត្រូវតែមានភាពជឿជាក់ខ្ពស់លើប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទឈ្លានពានរបស់សៀម ដោយប្រើប្រាស់គ្រប់មធ្យោបាយ ទាំងការទូត ផ្លូវច្បាប់ និងយោធាក្នុងការ ការពារបូរណភាពទឹកដី និងដើម្បីសុខសន្តិភាពជូនពលរដ្ឋ។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្បៀងជូនជនភៀសសឹកនៅស្រុកស្ទោង ហើយនៅក្នុងឱកាសនេះមានចំនួន៣៨៤គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ ត្រីខរ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួ រមី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។




















![]()
