កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចូលរួមរំលែកទុក្ខចំពោះមរណភាពលោកស្រី ហួយ ច័ន្ទរស្មី នៅស្រុកតាំងគោក
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម ឃុន សាម៉េង នាយករងនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា និងលោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំនិងមានការអញ្ជើញចូលរួមពីលោក ហាក់ ម៉ុងហួត ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក ព្រមទាំងសហការីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោក វេត សីហា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី ហួយ ច័ន្ទរស្មី ទីប្រឹក្សាយុវជន វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ត្រូវជាប្រពន្ធ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤០ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមបាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម៖លោក វេត សីហា ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន ខ្ញុំនិងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែង ចំពោះ មរណភាពរបស់ លោកស្រី ហួយ ច័ន្ទរស្មី។ ការបាត់បង់លោកស្រីហួយ ចាន់រស្មី គឺជាការបាត់បង់ប្រពន្ធ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ប្រកបដោយប្រហ្មវិហាធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ហួយ ច័ន្ទរស្មីបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់:សម្ភារ:ដែលគណៈប្រតិភូចូលរួមបុណ្យសពរួមមាន÷ អង្ករ២៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី៥យួរត្រីខ៥យួរ និងបច្ច័យចំនួនសរុបចំនួន៦,៤០០,០០០រៀល ក្នុងនោះបច្ច័យកាកបាទក្រហមកម្ពុជាចំនួន៥លានរៀល សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ១លានរៀល និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតាំងគោក ចំនួន៤០ម៉ឺនរៀលផងដែរ។ (អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប)។