ពលរដ្ឋសប្បុរសជនខេត្តកំពង់ធំ ចូលរួមបរិច្ចាគជួយដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខ បង្ហាញស្មារតីសាមគ្គីរួមគ្នាដើម្បីជាតិ
(កំពង់ធំ)÷ ក្រោយពីរដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីអំពាវនាវកាលពីថ្ងៃទី០៩ ខែធ្នូ ២០២៥ ស្តីពីការជួយគាំទ្រពលរដ្ឋដែលកំពុងភៀសខ្លួនពីតំបន់សង្គ្រាមនៅព្រំដែន និងជាការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខរួចមក សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនជាច្រើនបានឆ្លើយតបយ៉ាងផុសផុលគិតដល់រសៀលនៅថ្ងៃទី១២ ខែធ្នូ ២០២៥។
ការបរិច្ចាគត្រូវបានអនុវត្តនៅតាមទីតាំងទទួលជំនួយចំនួន២កន្លែង រួមមានបរិវេណរដ្ឋបាលខេត្ត និងសួនច្បារគល់ស្ពានកំពង់ធំ ដែលមានយុវជនស្ម័គ្រចិត្តចូលរួមប្រមូលមូលនិធិ និងទទួលសម្ភារៈពីសប្បុរសជនជាបន្តបន្ទាប់។
អ្នកគ្រូ ឃឹម លក្ខិណា គ្រូបង្រៀន និងអ្នកផលិតមាតិកាមានប្រជាប្រិយភាព ដែលចូលរួមស្ម័គ្រចិត្តនៅកន្លែងប្រមូលនិធិ លើកឡើងថា៖ នៅពេលឃើញការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសាធារណជន ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងមានក្តីរំភេីប ជាខ្លាំង។ នេះបង្ហាញថា ប្រជាជនកម្ពុជាយើងមានស្មារតីរួបរួម ដឹងគុណ ចំពោះវីរៈភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា ហើយក៏ជាចំណងមួយដែលធ្វើឱ្យជាតិយើង កាន់តែរឹងមាំ។
ចំណែកប្រជាពលរដ្ឋឈ្មោះ សួន យីន ដែលបានមកបរិច្ចាគផ្ទាល់ ក៏បានបង្ហាញអារម្មណ៍ថា៖ ខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋជនភៀសសឹក និងកងទ័ព យើងជួបទុក្ខលំបាក ចិត្តខ្ញុំមិនស្ងប់ សង្វេគអាណិតអាសូរជាខ្លាំង។ ទោះបីជាខ្ញុំមិនអាចទៅច្បាំងផ្ទាល់ក៏ដោយ តែខ្ញុំចូលរួមចំណែកការបរិច្ចាគបន្តិចបន្តួចនេះ គឺជាកម្លាំងចិត្តសម្រាប់ពួកគាត់ ហើយក៏ជាការបង្ហាញដល់ប្រទេសឈ្លានពានថា ពលរដ្ឋខ្មែរគ្រប់រូប រួបរួមគ្នាយ៉ាងកក់ក្តៅ ក្នុងការការពារប្រទេស។
រដ្ឋបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានជឿជាក់ និងស្ម័គ្រចិត្តចូលរួមដឹកនាំក្តីស្រឡាញ់ជាតិ តាមរយៈការបរិច្ចាគគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជាច្រើន។ រដ្ឋបាលខេត្តសង្ឃឹមថា ស្មារតីសាមគ្គីនេះ នឹងបន្តក្លាយជាកម្លាំងរឹងមាំក្នុងការគាំទ្រពលរដ្ឋជនរងគ្រោះ និងវីរៈកងទ័ពកម្ពុជា ដែលកំពុងការពារ បូរណភាពទឹកដីជាតិ។
អត្ថបទ លោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។













![]()
