ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្តិ អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាន
នគរបាលខេត្តកំពង់ធំ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
អានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលអង្គភាពសម្រេចបានក្នុងរយៈពេល០១ឆ្នាំកន្លងមក និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហែម សុវត្តិ អគ្គស្នងការរងនគរបាលជាតិ
និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ព្រមទាំងកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលរយៈពេល
កន្លងមក អស់លោកលោកស្រី ខិតខំប្រឹងប្រែង ការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបានសុវត្ថិភាពល្អ ពុំមានហេតុការណ៍អ្វីមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។
ឯកឧត្តម អភិបាលខេត្ត បានចូលអបអរសាទរ ចំពោះស្នាដៃ និងសមិទ្ធផលនានា ដែលកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដូចបានបញ្ជាក់ក្នុងរបាយការណ៍ បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤នេះ ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមបានផ្តាំផ្ញើលើការងារ០៥ ចំណុច ÷១.បទល្មើសធនធានធម្មជាតិ ២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ៣.បញ្ហាចរាចរណ៍ផ្លូវគោក ៤.បញ្ហាក្មេងទំនើង ៥.ការងារសេវារដ្ឋបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្តិ អគ្គស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលរយៈពេល
កន្លងមក បងប្អូនមានស្នាដៃ គុណបំណាច់ ពលិកម្ម លះបង់កម្លាំងកាយ កម្លាំងចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងបេសកកម្ម ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ក្នុងឱកាសប្រទេសជាតិ ប្រារព្ធពិធីបុណ្យ និងព្រឹត្តិការណ៍ សំខាន់ៗជាបន្តបន្ទាប់ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈភាពបំផុត។
ឯកឧត្តម អគ្គស្នងការរង មានប្រសាសន៍ ផ្តាំផ្ញើលើការងារ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការពារដាច់ខាត ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងឧបាយល្បិចកល ពួកជ្រុលនិយមមួយក្ដាប់តូច ដែលមានបំណងបង្ករចនា
បំផ្លិចបំផ្លាញសន្តិសុខជាតិ ការងារបទល្មើសគ្រឿងញៀនអំពើឆបោក ល្បែងស៊ីសងខុសច្បាប់ ប្រឹងការជួញដូរមនុស្ស ការងារចរាចរណ៍ផ្លូវគោក។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។