លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុងពុទ្ធកូរ៉ា បានសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកសំលៀកបំពាក់៤៧កំផ្លេ ទៅប្រគល់ជូនដល់ប្រជាការពារនៅឃុំក្តីដូង
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខជា និងនាំយកអំណោយសំលៀកបំពាក់ប្រជាការពារជូនប្រជាការពារចំនួន៤៧នាក់ មកពីភូមិចំនួន០៤គឺភូមិក្តីដូង ភូមិសស្លែង ភូមិអូរសំបួរ និងភូមិពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
លោកជំទាវ លំ គន្ធារី បានលើកឡើងពីការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខនៅតាមភូមិវត្តអារាម និងកម្មវិធីផ្សេងៗរបស់បងប្អូនប្រជាការពារបានបម្រើជូនបងប្អូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពក្នុងការរស់នៅ និងទ្រព្យសម្បត្តិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់កម្លាំងប៉ុស្តិ៍នគរបាលឃុំក្តីដូង និងប្រជាការពារទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាចូលរួមការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពក្នុងពិធីផ្សេងៗ។ ជាពិសេសកម្លាំងប្រជាការពារទាំងអស់បានសាមគ្គីគ្នា យោគយល់គ្នាទៅវិញទៅមក ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់បម្រើការនៅពេលមានកម្មវិធីផ្សេងៗក្នុងសហគមន៍ ឱ្យមានដំណើរការពុំមានរឿងអ្វីកើតឡើងនោះឡើយ។
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួនបន្តទៀត ឱ្យមានភាពស្មោះត្រង់ និងជឿជាក់លើខ្លួនឯង ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចប្រទេសជាតិឱ្យមានភាពរីកចម្រើនបន្តទៅមុខទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាការពារនៅឃុំក្តីដូងចំនួន៤៧នាក់ ក្នុងនោះភូមិក្តីដូងចំនួន១២នាក់ ភូមិពាមគ្រែងចំនួន១៣នាក់ ភូមិអូរសំបួរមានចំនួន១២នាក់ និងភូមិស្លែងមានចំនួន១០នាក់ ក្នុង១នាក់ទទួលបានសម្លៀកបំពាក់ប្រជាការពារ១កំផ្លេផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។