ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ និងការិយាល័យអប់រំក្រុង ស្រុក
(កំពង់ធំ)៖ លោក ជួរ រតនៈ អគ្គនាយករងមូល និធិជាតិជំនួយសង្គម តំណាងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម លី វ៉េត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ចើញជាអធីបតី រៀបចំវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ និងការិយាល័យអប់រំក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងកម្មពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ ព្រមជាមួយនឹង លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ទទួលបន្ទុកសិស្សអាហារូបករណ៍បឋមសិក្សា និងមធ្យមសិក្សា លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ ប្រមាណ ១៨៣នាក់ផងដែរ។
លោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំ មានគ្រួសារកំពុងទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំនួន ៤៧.៦៦៤គ្រួសារ។ ខេត្តកំពង់ធំជាខេត្តមួយក្នុងចណោម ២៥រាជធានី ខេត្ត ដែលមានគ្រួសារទទួលផលច្រើន ដូចនេះ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ ពិតជាត្រូវប្រចាំការសម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនយ៉ាងគត់មត់ ពិសេស កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម លី វ៉េត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។ ឯកឧត្តមក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោក ជួរ រតនៈ បានមានប្រសាសន៍ថា វត្តមាននៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន ព្រមជាមួយគ្នានេះ វិសាលភាព និងកម្មវិធីក៏ត្រូវបានបន្តពង្រីក ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយគ្នានេះ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ច្បាស់នូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ក្នុងនោះ មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការទទួលខុសត្រូវអនុវត្ត កម្មវិធីទី៣ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន»។ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនេះ ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេស គ្រួសារក្រីក្រ សមាជិកមានភាពងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅគ្រប់ទីតាំងភូមិសាស្រ្តទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
លោក បានបន្តថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។ កម្មវិធីនេះផងដែរ គឺត្រូវបានធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមដែលមានស្រាប់ចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២).កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព (៤).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ ៦០ឆ្នាំឡើង) និងបញ្ចូលបន្ថែមនូវការឧបត្ថម្ភគោលគ្រួសារសម្រាប់គ្រួសារមានបណ្ណសមធម៌ទាំងអស់ និងការឧបត្ថម្ភសមាជិកគ្រួសារផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ចូលជាកញ្ចប់ឧបត្ថម្ភតែមួយ។
លោក បានបន្ថែមទៀតថា បើគិតមកត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានគ្រួសារកំពុងទទួលផលពីកម្មវិធីសរុបចំនួន ៧៥៧.៧៨៧គ្រួសារ។ ដូចនេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល ប្រក្រតីភាពក្នុងការអនុវត្ត ទើបមូលនិធិជាតិជំនួយសង្គមរៀបចំវគ្គបណ្តុះបណ្តាលរំលឹកនេះឡើង ដោយមានការចូលរួមពីតួអង្គសំខាន់ៗ ហើយក៏មិនមែនជាការចៃដន្យនោះដែរ គឺបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការពង្រឹងនូវយន្តការអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិ ។ លោកអគ្គនាយករងបានបន្ថែមទៀតថា ក្នុងកំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ដែលបង្កឡើងដោយការឈ្លានពានពីប្រទេសថៃ មកលើព្រះរាជាណាចក្រកម្ពុជា មូលនិធិជាតិជំនួយសង្គមបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជា (១)ការលើកលែងការអនុវត្តលក្ខខណ្ឌវត្តមានសិក្សាប្រចាំខែ សម្រាប់សិស្សានុសិស្សកំពុងទទួលផលពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ (២)លើកលែងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព សម្រាប់ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ដោយទទួលបានប្រាក់ឧបត្ថម្ភស្របតាមពេលវេលា និងលក្ខខណ្ឌកំណត់ជាស្វ័យប្រវត្តិ (និងទី៣)បានសហការរៀបចំភ្នាក់ងារវីង ដើម្បីធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភ នៅតាមទីតាំងជនភៀសសឹកផ្ទាល់តែម្តង។ តាមរយៈ លោក លោកស្រីប្រធានការិយាល័យអប់រំក្រុង ស្រុក សូមជួយសហការជំរុញដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដែលកំពុងអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងការធ្វើបច្ចុប្បន្នភាពសិស្សានុសិស្សដែលកំពុងទទួលផលពីកម្មវិធី ក្នុងពេលបវេសនកាលឆ្នាំសិក្សាថ្មី តាមប្រព័ន្ធ ដើម្បីបន្តទទួលផលពីកម្មវិធីសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។ ព្រមជាមួយគ្នានោះ លោក លោកស្រី មេឃុំចៅសង្កាត់ ក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ សម្រាប់ជនមានពិការភាព និងជនចាស់ជរាផងដែរ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។
























![]()
