ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំដំណើរការសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ស្ថិតនៅភោជនីយដ្ឋានឡូវគឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ជា វ៉េង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឡាយ ណូរ៉ា
អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក តាំង សុចិត្រាអគ្គនាយករង តំណាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរសហកម្មខេត្តកំពង់ធំ លោក ជាវ ចាន់នី អគ្គនាយករដ្ឋាករទឹកក្រុងស្ទឹងសែន លោកស្រី អគ្គនាយករដ្ឋាករទឹកស្ទោង- តាំងក្រសាំង លោកស្រី ក្រុមការងារនៃកម្មវិធី CAPRED-Australia តំណាងមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ និងសមាជិកសមាជិកាជាច្រើនរូបផងដែរ។
ក្នុងឱកាសនេះឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកំពង់ធំទទួលបានគម្រោងធំៗជាច្រើនមាន÷ គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ គម្រោងអភិវឌ្ឍអាងទឹកដងកាំបិត គម្រោងបង្កើតសួនឧស្សាហកម្មដែលផ្តោតសំខាន់ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី គម្រោងវារីវប្បកម្មលើផ្ទៃដី៣.០០០ហិកតានៅស្រុកស្ទោង ព្រមទាំងគម្រោងផ្សេងៗជាច្រើនទៀត។ ក្រៅពីវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខេត្តកំពង់ធំក៏ទទួលបានពីរាជរដ្ឋាភិបាល នូវការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់អនុវត្តក្នុងរយៈពេល៣ ឬ៤ឆ្នាំ និងបានណែនាំឱ្យបង្កើត ១.គឺធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍតំបន់សំបូរព្រៃគុហ៍ ដែលមានសក្តានុពលខ្ពស់ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដោយតភ្ជាប់ជាមួយ សហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងៗទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍ ពហុទេសចរណ៍។ ២.គឺធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍតំបន់ក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើត ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតមាន(ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពតាមដងស្ទឹងសែនជាដើម)។
ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សូមជម្រាបជូនដល់ឯកឧត្តមអភិបាលរាជធានី/ខេត្ត ក្រុង/ស្រុក និងក្នុងពេលនេះដែរគឺនៅក្នុងខេត្តកំពង់ធំយើងនេះបានជ្រាបថា ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការបង្កើនលទ្ធភាពផ្គត់ផ្គង់ និងផ្តល់សេវាទឹកស្អាតនៅមូលដ្ឋានឱ្យកាន់តែមានភាព ល្អប្រសើរប្រកបដោយលក្ខខណ្ឌ៤គឺ ទឹកមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) រដ្ឋបាលរាជធានី/ខេត្តត្រូវអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖ ១.ត្រូវរក្សាការពារឱ្យបានគង់វង្សនូវប្រភពទឹកធម្មជាតិដែលមានស្រាប់ និងពង្រីកវិសាលភាព ឬបង្កើតនូវប្រភពទឹកថ្មីសម្រាប់ធ្វើការផ្គត់ផ្គង់ទឹកស្អាត និងការប្រើប្រាស់ផ្សេងៗឱ្យបានគ្រប់គ្រាន់នៅតាម មូលដ្ឋាន។ ២.ត្រូវកៀរគរ និងលើកទឹកចិត្តដល់ផ្នែកឯកជនក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ និងផ្តល់សេវា ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនទាំងនៅទីប្រជុំជន និងតំបន់ជនបទ។ ៣.ត្រូវធ្វើផែនការក្នុងការពង្រីកបណ្តាញទឹកស្អាតដើម្បីផ្គត់ផ្គង់ឆ្លើយតបទៅនឹងតម្រូវការនៃ កំណើនប្រជាសាស្ត្រ និងនគរូបនីយកម្ម។
៤. ត្រូវចាត់វិធានការ និងរក្សាការពារឱ្យបានគត់មត់នូវដីចំណីផ្លូវ និងចិញ្ចើមផ្លូវដែលជាដី សាធារណៈរបស់រដ្ឋ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការតភ្ជាប់បណ្តាញទឹកស្អាត បណ្តាញខ្សែកាបក្រោមដី បណ្តាញលូសាធារណៈ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ ៥. ត្រូវសហការជាមួយវិស័យឯកជន ជាពិសេសប្រតិបត្តិករទឹកស្អាតឱ្យចូលរួមក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីអាចចែករំលែកព័ត៌មាននានាក្នុងការអភិវឌ្ឍមូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។



















![]()
