រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងនៅសួងលោកតាឥ និងលោកតាក្រហមក សុំសេចក្តីសុខសម្រាប់ពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ត្រូវប្រារព្ធតាមបណ្តោយដងស្ទឹងសែន ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រយៈពេល ៣ថ្ងៃ ក្នុងគោលបំណងក្នុងការរំលឹក និងថែរក្សាប្រពៃណីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឆ្នាំនេះ ខេត្តកំពង់ធំមិនបានប្រារព្ធពិធីធំធេងដូចឆ្នាំមុនៗឡើយ។ ក្រៅពីនេះ ក៏មានការបួងសួងសុំសេចក្តីសុខ និងមានសន្តិភាព និងជ័យជំនះជូនដល់បងប្អូនវីរជនកងទ័ពជួរមុខផងដែរ។
អាជ្ញាធរខេត្តកំពង់ធំ បាននិងកំពុងខិតខំតុបតែងលម្អស្ពាន សួនច្បារ និងតាមដងស្ទឹងសែន ដើម្បីបង្កើនសោភណភាពក្រុងស្ទឹងសែន ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ការរៀបចំនេះមានគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ធំ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។


















 ![]()
 
 
 
    