ទេសរដ្ឋមន្រ្តី ថោង ខុន ជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA ១១នាក់ នៅស្រុកតាំងគោក
(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សជ័យលាភីប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន ១១នាក់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ នាសម័យប្រលងថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥។
ពិធីនេះក៏មានការចូលរួមពីក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក, ក្រុមការងារចុះមូលដ្ឋានឃុំនៃស្រុកតាំងគោក, លោកអភិបាល អភិបាលរងស្រុកតាំងគោក, ប្រធាន អនុប្រធាន ការិយាល័យអប់រំ នាយកវិទ្យាល័យហ៊ុន សែន តាំងគោក និងវិទ្យាល័យទ្រៀល សិស្សនិទ្ទេស A និងមានមាតាបិតាសិស្សនិទ្ទេស A ជាច្រើនរូបចូលរួម។
ឯកឧត្តមបណ្ឌិត ថោង ខុន បានពាំនាំនូវការសួរសុខទុក្ខ និងអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់សិស្សនិទ្ទេស A ដែលសម្តេចបវរធិបតីនឹងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៣០០២នាក់ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខពី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់អាណាព្យាបាល និងសិស្សនិទ្ទេស A ដោយក្តីនឹករលឹកផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស និងអាណាព្យាព្យាបាល ត្រូវអរគុណ និងដឹងគុណដល់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងដឹងគុណដល់រាជរដ្ឋាភិបាលនីកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ជាពិសេសនាពេលថ្មីៗនេះសម្តេចបវរធិបតីបានអនុវត្តយុទ្ធសាស្រ្ត «ស្ងាត់ តែមិនស្ងៀម បម្លែងសង្គ្រាមទៅជាការអភិវឌ្ឍសេដ្ឋកិច្ច» ដោយសម្តេចបវរធិបតីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយលោកនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន និងជាសាក្សីដ៏ខ្ពង់ខ្ពស់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន។ កិច្ចព្រមព្រៀងសន្តិភាពនេះនឹងធ្វើឱ្យប្រទេសឯករាជ្យទាំងពីរកម្ពុជា-ថៃ ទទួលបានសុខសាន្ត សុខសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា និងជាប្រទេសជិតខាងល្អនឹងគ្នា។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់បន្ថែមថា តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពនេះ សូមឱ្យមន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់រូប បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ក្នុងការនាំមកនូវសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍដ៏រឹងមាំជូនដល់ប្រទេសជាតិ និងប្រជាជន។ដំណោះស្រាយទៅថ្ងៃមុខ យើងទាំងអស់គ្នាត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ មានស្មារតីសេ្នហាជាតិ ការយោគយល់អធ្យាស្រ័យគ្នា ការបង្កើនផលិតផលក្នុងស្រុក និងការពង្រឹងសមត្ថភាព ចំណេះដឹងឱ្យកាន់តែខ្លាំង ពិសេសយុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេន។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវនឹករលឹក និងដឹងគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបង្រៀនដល់សិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលល្អដូចពេលនេះ ក្នុងនោះឪពុកម្តាយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រ និងផ្តល់ឱកាសដល់ការសិក្សារៀនសូត្ររបស់កូន ដែលនេះគឺជាគុណូបការៈដ៏ធំធេង ដែលកូនគ្រប់រូប មិនអាចបំភ្លេចគុណលោកទាំងទ្វេបាននោះឡើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្ស ដែលលោកធ្លាប់ជាអតីតសិស្សក្រីក្រ និងបានខិតខំប្រឹងប្រែងរៀនសូត្រ ជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង រហូតទទួលបានជោគជ័យក្នុងការសិក្សា និងការងារមកដល់បច្ចុប្បន្ននេះ។
បណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សនិទ្ទេស A ត្រូវបន្តការសិក្សារៀនសូត្រពេញមួយជីវិតពីព្រោះដំណើរសិក្សារៀនសូត្រមិនទាន់បញ្ចប់ត្រឹមនេះទេ គឺត្រូវបន្តការសិក្សាទៅដល់ថ្នាក់បរិញ្ញាប័ត្រ, អនុបណ្ឌិត និងបណ្ឌិត។ ត្រូវចាប់យកជំនាញសិក្សាណាដែលខ្លួនស្រលាញ់និងចូលចិត្ត, ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានជាប់ជាប្រចាំ និងបន្តអភិវឌ្ឍន៍ខ្លួនដើរឲ្យទាន់សភាពការណ៍រីកចម្រើននៃពិភពលោក ពិសេសនៅក្នុងសម័យបច្ចេកវិទ្យា និងនវានុវត្តន៍ (Technology & Innovation) ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) ដើម្បីក្លាយជានិស្សិតល្អ បុគ្គលិកល្អ ពលរដ្ឋល្អ និងអ្នកបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសម្បូររុងរឿងថែមទៀត។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តាំផ្ញើដល់សិស្សដែលជាយុវជនឆ្នើមឈានមុខ ត្រូវស្តាប់ និងគោរពអនុវត្តតាមយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះតាមព្រំដែនកម្ពុជាថៃ (ដែលនេះជាយុទ្ធសាស្ត្រឈ្នះដោយច្បាប់ និងប្រាជ្ញា ដោយមិនប្រើអាវុធ និងជាអាវុធនយោបាយដ៏ពិសិដ្ឋសម្រាប់ការពារសន្តិភាព និងការពារអធិបតេយ្យរបស់ជាតិ)។
នាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ១១នាក់ ដែលជាអំណោយរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ដោយសិស្ស ០១នាក់ ទទួលបាន Laptop ០១គ្រឿង និងថវិកា ៤០ម៉ឺនរៀលផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក.ពិនិតកយដោយអ៊ុមញឹប។


















 ![]()
 
 
 
    