លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញបើកបវេសនកាលនៅវិទ្យាល័យប្រាសាទបល្ល័ង្ក និងប្រកាសផ្តល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាននិទ្ទេស A
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យប្រាសាទបាល្ល័ង្ក បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ក្រោមបរិយាកាសរីករាយ និងការតាំងចិត្តមុតមាំពីនាយកសាលា និងសិស្សក្នុងការបង្រៀន និងរៀនឱ្យទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សាថ្មីនេះ។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យប្រាសាទបល្ល័ង្ក ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ក។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនរូបផ្សេងទៀត។
លោកអភិបាលរងស្រុកអានរបាយការណ៍ពាក់ព័ន្ធវិស័យអប់រំនៅស្រុកប្រាសាទបល្ល័ង្ក និងការអានសារលិខិតសាទរថ្ងៃបើកបវេសនកាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក។
ថ្លែងនៅក្នុងពិធីបើកបវេសនកាលនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់នៅក្នុងស្រុកប្រាសាទបល្ល័ង្ក។
លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ការអប់រំ គឺជាកិច្ចការដ៏សំខាន់ក្នុងការកសាងធនធានមនុស្សដែលជាគ្រឹះសម្រាប់កិច្ចកសាងប្រទេសជាតិ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី បានយកចិត្តទុកដាក់លើវិស័យអប់រំរាប់ចាប់ពីការកសាងសាលារៀន ពង្រឹងសមត្ថភាពគ្រូបង្រៀន និងកែងលំអកម្មវិធីអប់រំជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ សិស្សទទួលបានចំណេះដឹងដ៏ច្បាស់លាស់។
ជាមួយការបើកបវេសនកាលថ្មីនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្តដល់នាយកសាលា លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់លើការបង្រៀនសិស្សឱ្យទទួលបានចំណេះដឹងខ្លាំងពូកែ។ លោកអ្នកឧកញ៉ា ក៏បានណែនាំសិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបានបង្រៀន ហើយត្រូវកាត់បន្ថយការចំណាយពេលឥតប្រយោជន៍ជាមួយការលេងទូរស័ព្ទ។ ដើម្បីលើកទឹកចិត្តដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យប្រឹងប្រែងសិក្សារៀនសូត្រនោះ លោកអ្នកឧកញ៉ា បានប្រកាសផ្តល់រង្វាន់ម៉ូតូរាល់សិស្សដែលទទួលបាននិទ្ទេសA ដូចទៅនឹងឆ្នាំសិក្សាកន្លងទៅផងដែរ។ សម្រាប់ ឆ្នាំសិក្សាកន្លងទៅសិស្សទទួលបាននិទ្ទេសA ត្រឹមតែម្នាក់ គឺតិចណាស់ ដូច្នេះឆ្នាំសិក្សាថ្មីនេះ ត្រូវតែប្រឡងនិទ្ទេស A ឱ្យបានច្រើន។
លោក ស៊ុន លឹមសេង នាយកវិទ្យាល័យប្រាសាទបល្ល័ង្ក បានគូសរំលេចថា ពិធីបើកបវេសនកាលនៅសាលារបស់លោកនាឆ្នាំនេះ មានសភាពអ៊ូអរជាងឆ្នាំសិក្សាកន្លងទៅ ព្រោះមានការយកចិត្តទុកដាក់ពីសំណាក់លោកអ្នកឧកញ៉ា ទ្រី ភាព ជាពិសេសការរៀបចំរង្វាន់ជូនសិស្សដែលបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំសិក្សាចាស់។ លោក ស៊ុន លឹមសេង ចាត់ទុកការលើកទឹកចិត្តនេះ ជាចំណែកមួយជួយជំរុញសិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា លោកអ្នកឧកញ៉ា ទ្រី ភាព បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA ទទួលបានម៉ូតូហុងដាឌ្រីមឆ្នាំ២០២៦ ១គ្រឿង ថវិកា៤០០.០០០រៀល, សិស្សជ័យលាភីនិទ្ទេសBចំនួន៨នាក់ ក្នុងម្នាក់ទទួលបានកុំព្រូទ័រ១គ្រឿង និងថវិកា៤០០.០០០រៀល។ ថវិកា កុំព្យូទ័រ និងម៉ាស៊ីនព្រីន ឧបត្ថម្ភដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលស្រុក និងឃុំទាំង៧ ការិយាល័យអប់រំស្រុក វិទ្យាល័យប្រាសាទបល្ល័ង្ក ប្រជាការពារ កងរាជអាវុធហត្ថ យោធាសឹករងស្រុក លោកគ្រូអ្នកគ្រូចូលនិវត្តន៍ លោកគ្រូអ្នកគ្រូ ក្នុង១នាក់ទទួលបានថវិកា ៥០.០០០រៀល និងសិស្សានុសិស្ស១.០១០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ៥ក្បាល ប៊ិច៥ដើម និងថវិកា ១០.០០០រៀល។ ចំណាយក្នុងកម្មវិធីសរុបជាទឹកប្រាក់ប្រមាណ ២៣០.០០០.០០០រៀល៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។
















 ![]()
 
 
 
    