រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាវិទ្យាល័យស្ទឹងសែន
(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ អមដំណើរដោយលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ក្រុមកាងារចុះជួយសង្កាត់ស្រយូ៉វ លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន ព្រះចៅអធិការវត្តក្តីអណ្ដែត គណៈកម្មកាគ្រប់គ្រងសាលារៀន លោកមេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរលោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន បានឡើងរាយការណ៍អំពីស្ថានភាពខ្លះៗនៅក្នុងសាលាវិទ្យាល័យស្ទឹងសែន៖ ស្ថានភាពទូទៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ ខាងមុខនេះ មានអគារសិក្សា៦ខ្នង មាន៣១បន្ទប់(ដកធ្វើទីចាត់ការ២បន្ទប់ដកធ្វើបន្ទប់ផ្សេងៗ៧បន្ទប់)។ បុគ្គលិកមានចំនួន៦៦នាក់ស្រី៣៣នាក់ សិស្សមធ្យមសិក្សាបឋមភូមិមានចំនួន៧០៩នាក់ ស្រី៣៦៣នាក់ សិស្សមធ្យមសិក្សាទុតិយភូមិភូមិមានចំនួន៦៨១នាក់ ស្រី៤២០នាក់ សិស្សសរុបចំនួន១.៣៩០នាក់ ស្រី៧៨៣នាក់ ហើយដីសាលាបណ្ដោយមានប្រវែង៥២០ម៉ែត្រ និងទទឹងមានប្រវែង២២៧.៩ម៉ែត្រ។
នៅក្នុងកម្មវិធីនេះឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ទិសឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ បានបន្ថែមទៀតថារាជរដ្ឋាភិបាលនឹងបន្ត អនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤រួមមាន÷ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន។ ២.ការនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ ៤.ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។
















 ![]()
 
 
 
    