រដ្ឋបាលស្រុកស្ទោង ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តបទុម ដើម្បីផ្សារភ្ជាប់ពុទ្ធចក្រនិងអាណាចក្រ
(ខេត្តកំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តួចផ្ដើមដឹកនាំមន្ត្រីរាជការ សមាជិកសមាជិកា និងកងកម្លាំងទាំងបី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងលោកគ្រូ អ្នកគ្រូ ក្នុងស្រុកស្ទោង បានរួបរួមសហការគ្នាដង្ហែអង្គកឋិនទៅកាន់វត្តបទុម ស្ថិតនៅក្នុងភូមិបទុបលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។
លោក សាយ គឹមឡម បានឱ្យដឹងថា ក្រៅពីការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រគឺជាការសន្សំនូវបុញ្ញានិធិសម្រាប់ជាតិនេះ និងអនាគតជាតិក្នុងនាមពុទ្ធសាសនិកជនដែលតែងតែគោរពប្រតិបត្តិពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ដើម្បីតម្កល់សាសនាព្រះពុទ្ធឱ្យបានរុងរឿងគ្រប់៥,០០០ព្រះវស្សា។
ការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសដើម្បីចូលរួមឧបត្ថម្ភគាំទ្រការកសាងព្រះវិហារថ្មី សម្រាប់ប្រជាពុទ្ធបរិស័ចំណុះជើងវត្តជិតឆ្ងាយបានប្រើប្រាស់និងធ្វើពិធីបុណ្យផ្សេងៗនៅក្នុងវត្តអារាមប្រកបដោយសទ្ធាជ្រះថ្លា និងសុខសុវត្ថិភាព។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណ និងអរព្រះគុណជាអនេកដល់ព្រះមន្ត្រីសង្ឃ ព្រះអនុគណស្រុកស្ទោង លោកតាអាចារ្យគណៈកម្មការ ញាតិញោមពុទ្ធបរិស័ទព្រមទាំងថ្នាក់ដឹកនាំធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យឯកជននានា ដែលមានសទ្ធាជ្រះថ្លាក្នុងការរួបរួមសហការ ចូលរួមឧបត្ថម្ភបច្ច័យ និងការចូលបុណ្យជាមួយអង្គកឋិនទានរបស់រដ្ឋបាលស្រុកស្ទោងដើម្បីវេរប្រគេនព្រះសង្ឃនៅពេលនេះ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក៏មានការចែកនូវសម្ភារសិក្សាព្រមទាំងថវិកាមួយចំនួនដល់សិស្សានុសិស្ស១៥០នាក់ ដែល១នាក់ទទួលបាននូវ÷ ប៊ិច១ដើម សៀវភៅ១ក្បាល ថវិកា៣,០០០ ប្រជាជាការពារចំនួន ៥០នាក់ ក្នុង១នាកើបានថវិកា១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ៨នាក់ ក្នុង១នាក់ទទួលបានថវិកា២ម៉ឺនរៀល ហើយអង្គកឋិននៅពេលនេះមានបច្ច័យ២២,៧០០,០០០រៀល ក្នុងនោះ មានបច្ច័យ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧រដ្ឋសភា ចំនួន២,០០០,០០០ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។















![]()
