រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន
(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម តាមបណ្តោយដងស្ទឹងសែន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ និងបន្តរហូតចំនួន ៣ ថ្ងៃ។ ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ធ្វើឡើងដើម្បីរំលឹកដល់ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនៅឆ្នាំនេះ ខេត្តកំពង់ធំមិនមានប្រារព្ធពិធីធំដូចឆ្នាំកន្លងនោះឡើយ ព្រមទាំងដើម្បីបួងសួងសុំសេចក្តីសុខ និងជ័យជំនះជូនដល់បងប្អូនវីរៈកងទ័ពជួរផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា អាជ្ញាធរខេត្តកំពង់ធំបាននិងកំពុងខិតខំរៀបចំតុបតែងលម្អសួនច្បារតាមដងស្ទឹងសែន និងរៀបចំសោភណ្ឌភាពក្រុងស្ទឹងសែន ឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីបង្កើតជាទីតាំងសប្បាយភាពជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម នួន ផារ័ត្ន បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារហេតុការណ៍គ្រោះថ្នាក់ និងឧបទ្ទវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋជាដើម។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានជំរុញមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំរៀបចំប្រទីបរៀងៗខ្លួន ឱ្យបានច្រើន មានភាពស្រស់ស្អាត បណ្តែតតាមដងស្ទឹងសែន ដែលមានទីតាំងបណ្តែតចេញ ពីពោធិ៍បាក់ក នៃក្រុងស្ទឹងសែន។
សូមជម្រាបផងដែរថា ពិធីនេះ គ្រោងមានការនិមន្តនិងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ ព្រះសង្ឃនៅតាមទីអារាមវត្តនានាក្នុងក្រុង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុង និងប្រជាពលរដ្ឋ។
អត្ថបទដោយ រដ្ឋបាលខេត្ត















![]()
