ឯកឧត្តម នួន ផារ័ត្ន ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ រួមជាមួយឯកឧត្តម លោក ជំទាវ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តន៍បទបញ្ជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយកាណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច រួមជាមួយសម្ភារះ គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយនានា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកំចាត់ចោលជនទាំង ឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានប្តេជ្ញាចិត្តដាច់ខាត ក្នុងការគោរពតាមបទបញ្ជារបស់ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទាល់របស់ឯក ឧត្តម អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចល័តអន្តរាគមន៍បង្រ្កាបរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយប្រជាជនគាំទ្រយ៉ាងច្រើនលើសលប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានត្រៀមបម្រុងកម្លាំង និងមធ្យោ បាយគ្រប់គ្រាន់ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានពន្យល់ណែនាំអំពីការដាក់តំបន់ត្រីកោណអភិវឌ្ឍន៍(DTA) ដែលជាការអភិវឌ្ឍន៍ និងការគ្រប់គ្រងរបស់ប្រទេសនីមួយៗរៀងៗខ្លួន ជាមួយនឹងប្រទេសជិតខាង លេីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងបង្កលក្ខណះងាយស្រួលដល់ប្រជាជននៅក្នុងវិស័យសុខាភិបាលផងដែរ ។
ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន មធ្យោបាយ សម្ភារៈ គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជា ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីបង្ក្រាប និងកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាកីដោយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។