អភិបាលរងខេត្តកំពង់ធំជួបសំណេះសំណាលកីឡាករទូកសែនសេរីមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី ១រដ្ឋសភា
(កំពង់ធំ)៖ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ជួបសំណេះសំណាលកីឡាករទូកសែនសេរីមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី ១រដ្ឋសភារសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៤ នៅភូមិសែនសេរី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលខេត្តកំពង់ធំប្រារព្ធពិធីអុំទូកនៅថ្ងៃទី ១៦និង ១៧ ខែតុលា នេះ។
ឯកឧត្តមបានបញ្ជាក់ថាទូក ង ឈ្មោះសែនសេរីមានជ័យ ត្រូវបានឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ ឧបត្ថម្ភកសាងតាំងពីលោកនៅមានព្រះជន្មនៅឡើយ តែពេលនេះលោកបានអនិច្ចកម្មទៅហើយ ហើយរូបខ្ញុំបាទជាកូនក៏មកទទួលនិងជួយឧបត្ថម្ភគាំទ្របន្តដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋបានអ៊ុំកំសាន្តសប្បាយរីករាយ។
ឯកឧត្តមបន្តថាការប្រណាំងទូកនានេះផ្ដើមចេញពីសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅបានសុខសាន្តមានឱកាសបានជួបជុំគ្នាសប្បាយរីករាយក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលាពិសេសបានថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែងនិងចូលរួមថែរក្សាអភិរក្សវប្បធម៌ប្រពៃណីខ្មែរដែលបានបន្សល់ទុកដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរយើងដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមទាំងសប្បុរសជនដែលបានជួយឧបត្ថម្ភារៈនិងថវិកាមួយចំនួនផងដែរ ។
ឯកឧត្តមបញ្ជាក់ថាកីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ ពិសេសត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីទទួលយកនូវជ័យជំនះលើគូប្រកួត។
ជាមួយគ្នាដែលឯកឧត្ដម ងួន រាសី បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនផងដែរ។