ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំពង្រឹងភារកិច្ចថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់ថ្នាក់ ដើម្បីបម្រើអតីតយុទ្ធជននៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ច ថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដាថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដើម្បីគ្រប់គ្រង និងបម្រើបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែល្អប្រសើរឡើង ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជាមួយចំនួនរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពបងប្អូនអតីតយុទ្ធជន
ដែលមានជីវភាពលំបាកខ្វះខាត ពិសេសបងប្អូន ដែលគ្មានដី គ្មានផ្ទះ រស់នៅលើដីសាធារណៈ ឬមានដីហើយ តែគ្មានផ្ទះ ឬក៏មានជម្រករស់នៅមិនសមរម្យ ពិតប្រាកដ ដើម្បីមានវិធានការផ្ដល់ដី និងសាងសង់ជម្រកស្នាក់នៅជូនពួកគាត់ ឲ្យបានសមរម្យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំ ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន នៅតាមបណ្ដាក្រុងស្រុកទាំង៩ និងសាខាឃុំសង្កាត់ទាំង៨១ ត្រូវជួបសំណេះសំណាល ស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននីមួយៗរៀងៗខ្លួន ដោយត្រូវក្តាប់ជាប់នូវរាល់សំណូមពរ និងបញ្ហាកង្វល់ផ្សេងៗរបស់បងប្អូនអតីតយុទ្ធជនយើង ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនឲ្យបានសមស្រប និងតាមអ្វីដែលអាចធ្វើទៅបាន ហើយនឹងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា នៅតាមបណ្ដាថ្នាក់ ដើម្បីចាត់ចែងដោះស្រាយ ឱ្យបានសមស្រប ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងទៅ ដោយបានធ្វើបច្ចុប្បន្នភាពស្រាវជ្រាវរកឃើញបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត និងសាងសង់ផ្ទះថ្មី រៀបចំផ្តល់សម្បទានដីសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំជាភូមិឋាន មានហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ ជូនដល់បងប្អូនអតីតយុទ្ធជន បានចំនួន ២០៦គ្រួសារ រួចមកហើយនៅស្រុកសន្ទុក ខេត្តកំពង់ធំ នឹងបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលមានដីហើយគ្មានផ្ទះ នៅតាមបណ្ដាមូលដ្ឋាននានាបានចំនួន ២៤៦ខ្នងផ្ទះ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។