អភិបាលស្រុកស្ទោង លើកទឹកចិត្ត គណ:កម្មការលទ្ធកម្មឃុំត្រូវធ្វើផែនការវិនិយោគរបស់ខ្លួនដោយផ្ដោតទាំងគុណភាពនិងបរិមាណនិងតម្រូវអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកនិងសហករីបានអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ នៅសាលាឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។
លោកបានបន្ថែមថា ការកសាងគម្រោងមូលនិធិឬក៏គម្រោងស្ថាបនានានា ជាពិសេសការធ្វើផ្លូវត្រូវបើកឱ្យបានធំទូលាយ ដើម្បីធានានូវផ្លូវដែលធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពមិនមានការផ្ទះ សំណង់មានគុណភាពប្រើប្រាស់បានយូរថែមទាំង ប្រព័ន្ធរំដោះទឹកត្រឹមត្រូវហើយត្រូវសិក្សាបន្ថែមទៀតនូវប្រព័ន្ធលូដែលអាចរំដោះទឹកបានលឿន និងជាប្រភេទលូប្រអប់នៅតាមអូរឬប្រឡាយចាស់ៗដើម្បីបញ្ចៀសការកកស្ទះឬបញ្ជៀសទឹកជំនន់ ថែមទាំងជួយការពារផ្លូវកុំឱ្យឆាប់ខូចខាតឬដាច់ដោយទឹកជំនន់ជាដើម។
ទន្ទឹមនឹងនេះ គណៈកម្មការលទ្ធកម្មឃុំត្រូវ ធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវដែលត្រូវកសាងក្នុងឱកាសនេះឱ្យបានទូលំទូលាយ ដើម្បីបានជ្រាបនិងចូលរួមសហការ ជាពិសេសត្រូវធ្វើការតាមដានឱ្យបានម៉ត់ចត់នូវដំណើរការស្ថាបនា ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗជាពិសេសដើម្បីទទួលបាននូវផ្លូវដែលប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យានិងជាផ្លូវដែលមានគុណភាពប្រើប្រាស់បានយូរអង្វែង។
លើសពីនេះទៀតលោកបានណែនាំដល់អ្នកដែលទទួលការកសាងផ្លូវនេះត្រូវខិតខំពន្លឿនធ្វើផ្លូវនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានជាពិសេសឱ្យទាន់ដើមរដូវវស្សាឆ្នាំនេះហើយ អនុវត្តតាមកិច្ចសន្យានិងបច្ចេកទេសសំណង់ដើម្បីប្រធានានូវសំណង់ដែលមានគុណភាពខ្ពស់។
សូមបញ្ជាក់ថា ផ្លូវដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង៥គីឡូម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានថវិកាប៉ាន់ស្មានសរុប៤២៣,៧១៨,១០៥រៀល លូរំដោះទឹកកាត់ផ្លូវ៥លូ និងស្លាកឈ្មោះគម្រោងមួយផ្ទាំង និងឆ្លងកាត់គ្របដណ្តប់លើ៦ភូមិ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។