យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ(អាហារល្អ សុខភាពល្អ លទ្ធផលសិក្សាល្អ អនាគតបវររុងរឿង) ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)÷នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានលើកឡើងថាដោយទទួលបានការណែនាំពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំធ្វើយុទ្ធនាការសុវត្ថិភាពចំណី អាហារតាមសាលារៀន ក្រោមប្រធានបទ-អាហារល្អ សុខភាពល្អ លទ្ធផលសិក្សាល្អ អនាគតបវររុងរឿង ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ តាមរយៈការយកចិត្តទុកដាក់លើសុវត្ថិភាពចំណី អាហារក្នុងសាលារៀន ព្រមទាំងដើម្បីឆ្លើយតបបន្ទាន់និងការកើនឡើងនៃជំងឺមិនឆ្លងនានា ដូចជាជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ពិសេសជំងឺមហារីក ដែលកំពុងគម្រាមកំហែងអាយុជីវិតប្រជាជនកម្ពុជាគួរឱ្យព្រួយបារម្ភ ដោយក្នុងរ យៈពេល៤០នាទី ជំងឺមហារីកបានសម្លាប់អាយុជីវិតប្រជាជនកម្ពុជាចំនួន០១នាក់(របាយការណ៍របស់ក្រសួងសុខាភិបាល)។
លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបន្តទៀតថា ដើម្បីឱ្យយុទ្ធនាការនេះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងផុសផុល មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ក្នុងខេត្តកំពង់ធំ ដូចតទៅ៖
១.គ្រប់គ្រឹះស្ថានសិក្សាត្រូវធ្វើយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ព្រមៗគ្នា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ-អាហារល្អ សុខភាពល្អ លទ្ធផលសិក្សាល្អ អនាគតបវររុងរឿង តាមគ្រប់រូបភាព ដោយមាន ការចូលរួមពីលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដី អាជីវករលក់ដូរក្នុង និងក្រៅរបងសាលារៀន សិស្សានុសិស្ស។ ២.ត្រូវចាក់វីដេអូឃ្លីប ការផ្សាយព័ត៌មានពីសុខភាព បទចម្រៀងនានា ទាក់ទងនឹងការលើកកម្ពស់សុខភាព។ ៣.សរសេរ កាន់ និងស្រែកជយឃោសតាមពាក្យស្លោក “អាហារល្អ សុខភាពល្អ លទ្ធផលសិក្សាល្អ អនាគតបវររុងរឿង ! “បើស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី! តិចអំបិល តិចខ្លាញ់ តិចស្ករ សុខភាពបេះដូងល្អ អាយុយឺនយូរ។ ៤.ត្រូវធ្វើរបាយការណ៍នូវរាល់សកម្មភាពដែលបានអនុវត្តខាងលើ តាមរយៈការបង្ហោះតាមផេក ឬគណនីហ្វេសបុកផ្លូវការ របស់សាលារៀន។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ(អាហារល្អ សុខភាពល្អ លទ្ធផលសិក្សាល្អ អនាគតបវររុងរឿង) ដែលមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សសរុបប្រមាណ១៦៩,៩០០នាក់ ក្នុងនោះសាលារៀនខេត្តកំពង់ធំមានចំនួន៦០៤សាលា(សាលាមត្តេយ្យដាច់ដោយឡែក១៤ សាលាបឋមសិក្សា៤៩៨ សាលាអនុវិទ្យាល័យ៦២ និងវិទ្យាល័យ២៥ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។