តំណាងរាស្ត្រមណ្ឌលកំពង់ធំ៖ប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានបានដោយសារមានសុខភាពល្អទើបប្រទេសជាតិមានការអភិវឌ្ឍន៍
(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានការងារចុះមូលដ្ឋានខេត្តកំពង់ធំ
បានថ្លែងថាប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានបានដោយសារមានសុខភាពល្អទើបប្រទេសជាតិមានការអភិវឌ្ឍន៍ ។
ឯកឧត្តម ឃឹង នុភាព បានថ្លែងក្នុងពេលអញ្ជើញកាន់បិណ្ឌវេនទី៩ ចំនួន៨វត្ត ក្នុងឃុំគោលមាន៤វត្ត និងឃុំស្រើងមាន៤វត្ត ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមបញ្ជាក់ថាប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទានដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាហើយបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពិសេសបងប្អូនមានសុខភាពល្អទើបប្រទេសជាតិមានការអភិវឌ្ឍន៍ដូច្នេះត្រូវនាំគ្នាថែរក្សាសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជាប្រចាំ ចៀសវាងជំងឺដង្កាត់ផ្សេងៗ។
ឯកឧត្តមបន្តថាការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរយិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។
ឯកឧត្តម រួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
ឯកឧត្តមបានណែនាំដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារនិងមនុស្សចាស់ព្រោះថានេះជារដូវខែវស្សាទឹកស្ទឹងសែនកំពុងតែឡើងខ្លាំងនិងចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន។
គួសបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម។